ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យរបស់ប្រទេសកូរ៉េខាងត្បូងបានបង្ហាញពីភាពមិនច្បាស់លាស់ផ្នែកតម្លៃ។ តួយ៉ាង តម្លៃផ្ទះនៅតាមបណ្តាទីក្រុងធំៗមួយចំនួន ដូចជារដ្ឋធានីសេអ៊ូលកំពុងសម្រេចបានអត្រាកំណើន ខណៈតម្លៃផ្ទះនៅទីក្រុងតូចៗបានធ្លាក់ចុះ។
គិតត្រឹមខែមិថុនា ឆ្នាំ២០២៥ តម្លៃផ្ទះនៅទីក្រុងធំៗក្នុងប្រទេសកូរ៉េខាងត្បូងបានកើនឡើង១,៦៨ភាគរយបើធៀបនឹងឆ្នាំមុន ដោយតម្លៃផ្ទះនៅក្នុងទីក្រុងសេអ៊ូលបានសម្រេចកំណើនចំនួន៣,៦៣ភាគរយ។
សង្កាត់សំខាន់ៗនៅទីក្រុងសេអ៊ូល ដូចជា សង្កាត់ Gangnam សង្កាត់ Seocho និងសង្កាត់ Yongsan បន្តជាប់ចំណាត់ថ្នាក់ជាទីតាំង ដែលមានតម្លៃលំនៅដ្ឋានថ្លៃជាងគេបំផុត និងមានតម្រូវការខ្ពស់។
លំនៅដ្ឋាននៅតំបន់ពាណិជ្ជកម្មកណ្តាល និងបណ្តាតំបន់ ដែលមានហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យារឹងមាំនៅតែមានតម្លៃថ្លៃកប់ពពក។ ការប្រមូលផ្តុំឱកាសការងារ គ្រឹះស្ថានអប់រំ និងបរិក្ខារផ្សេងៗនៅក្នុងតំបន់ទាំងនេះបានជំរុញឱ្យមានតម្រូវការលំនៅដ្ឋានប្រកបដោយនិរន្តរភាព។
អាផាតមុិននៅទីក្រុងសេអ៊ូលមានតម្លៃជាមធ្យមប្រហែល១,១២ពាន់លានវ៉ុន (ប្រហែល៧៧០.០០០ដុល្លារ)ក្នុងមួយយូនីត។ ក្នុងនោះ អាផាតមុិននៅសង្កាត់ Gangnam មានតម្លៃជាមធ្យមចំនួន២,៣៨ពាន់លានវ៉ុន (ប្រហែល១,៦៤លានដុល្លារ)ក្នុងមួយយូនីត។
ផ្ទុយទៅវិញ តម្លៃលំនៅដ្ឋាននៅតាមបណ្តាទីក្រុងតូចៗដូចជា ទីក្រុង Daegu ទីក្រុង Daejeon ទីក្រុង Sejong និងទីក្រុងកោះ Jeju បានធ្លាក់ចុះ។
ផ្នែកអាផាតមុិននៅតែបន្តនាំមុខទីផ្សារអចលនទ្រព្យលំនៅដ្ឋានរបស់ប្រទេសកូរ៉េខាងត្បូង បើគិតពីការហក់ឡើងថ្លៃ និងតម្រូវការ។នៅទីក្រុងសេអ៊ូល ចំនួនគ្រួសារជាង៤០ភាគរយ រស់នៅក្នុងអគារអាផាតមុិន។ការណ៍នេះឆ្លុះបញ្ចាំងពីការពង្រីកនគរូបនីយកម្ម និងចំណូលចិត្តចំពោះរបៀបរស់នៅថ្មី៕ប្រភព: Bamboo Route៕