អ្នកជំនាញអន្តរជាតិអះអាងថា លំហូរ FDI សកល កំពុងរងផលប៉ះពាល់ពីបញ្ហានានានៅទូទាំងពិភពលោក

ដោយ: គង់ លាងហួរ
ប៉េកាំង: ក្រុមមន្ត្រីចិន និងបណ្តាថ្នាក់ដឹកនាំធុរកិច្ច បានថ្លែងថា ស្របពេលមានកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ ប្រទេសចិនបាននិងកំពុងរួមចំណែកកាន់តែច្រើនដល់ GDP របស់ពិភពលោក។

ពួកគេបានថ្លែងកត់សម្គាល់បែបនេះនៅក្នុងកម្មវិធីពិព័រណ៍អន្តរជាតិចិនលើកទី២៣ ស្តីអំពីការវិនិយោគ និងពាណិជ្ជកម្ម ដែលបានរៀបចំនៅទីក្រុង Xiamen ខេត្ត Fujian។

យោងតាមរបាយការណ៍បានឱ្យដឹងថា កាលពីឆ្នាំ២០២២ ការវិនិយោគផ្ទាល់ពីបរទេសជាសកលបានដាំក្បាលចុះ១២ភាគរយ មកត្រឹម១,៣ពាន់ពាន់លានដុល្លារធៀបនឹងឆ្នាំ២០២១ ដែលជាការធ្លាក់ចុះដ៏ធំបំផុតមិនធ្លាប់មានគិតចាប់តាំងពីឆ្នាំ២០០៩។

ការវិនិយោគផ្ទាល់ពីបរទេសនៅទូទាំងពិភពលោកបានបន្តធ្លាក់ចុះក្នុងឆ្នាំ២០២២។ ជាក់ស្តែង ការវិនិយោគមកពីបណ្តាប្រទេសអភិវឌ្ឍន៍បានដាំក្បាលចុះ៣៧ភាគរយលើមូលដ្ឋានប្រចាំឆ្នាំ។ ប៉ុន្តែ ការវិនិយោគមកពី បណ្តាប្រទេស កំពុងអភិវឌ្ឍបានកើនឡើង៤ភាគរយ ដល់៩១៦ពាន់លានដុល្លារ ដោយគ្របដណ្តប់ជាង៧០%នៃលំហូរFDIសកលលោកដែលនេះជាសមាមាត្រដ៏ខ្ពស់បំផុតមួយ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Chong Quan ប្រធានសមាគម China Society for WTO Studies បានថ្លែងនៅក្នុងទីក្រុង Xiamen ថា បណ្តាប្រទេសកំពុងអភិវឌ្ឍន៍បាននិងកំពុងផ្តោតលើការសម្របសម្រួល និងបើកចំហវិស័យ ឬសកម្មភាពថ្មីៗដល់លំហូរ FDI។

លើសពីនេះទៀត ការត្រួតពិនិត្យលើលំហូរ FDI ជាសកល ត្រូវបានពង្រឹងឡើង ហើយចំនួនប្រទេស ដែលធ្វើការត្រួតពិនិត្យលើការវិនិយោគ ជុំវិញមូលហេតុសន្តិសុខជាតិបានកើនឡើងដល់៣៧ប្រទេស។

ទន្ទឹមនឹងនេះ លោក Zhan Xiaoning នាយកផ្នែកវិនិយោគ និងសហគ្រាសនៅសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ បានអះអាងថា វិបត្តិ និងបញ្ហាប្រឈមជាសកលជាច្រើនបានធ្វើឱ្យប៉ះពាល់ដល់លំហូរ FDI សកល។  វិបត្តិទាំងនេះរួមមានជម្លោះរុស្ស៊ី-អ៊ុយក្រែន ការកើនឡើងនៃតម្លៃអាហារ និងថាមពល វិបត្តិសេដ្ឋកិច្ច និងសម្ពាធបំណុលដែលប្រទេសជាច្រើនប្រឈមមុខ។

លោក Zhan Xiaoning បន្ថែមថា ការច្នៃប្រឌិតបច្ចេកវិទ្យា ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងអភិបាលកិច្ចសកលនឹងរួមគ្នាជះឥទ្ធិពលលើការកែសម្រួលខ្សែសង្វាក់ឧស្សាហកម្មសកលនាពេលអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here