តែម សុខុម
សិង្ហបុរី: ធនាគារកណ្ដាលចិន និងធនាគារកណ្ដាលអារ៉ាប៊ីសាអូឌីត កាលពីពេលថ្មីៗនេះបានចុះកិច្ចព្រមព្រៀងប្ដូររូបិយប័ណ្ណក្នុងស្រុកដែលមានទំហំ៦,៩៣ពាន់លានដុល្លារអាមេរិក ខណៈទំនាក់ទំនងទ្វេភាគីបន្តល្អប្រសើរឡើង។
ប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាអ្នកនាំចេញប្រេងធំបំផុតរបស់ពិភពលោក និងមហាយក្សចិន ដែលជាអ្នកប្រើប្រាស់ថាមពលធំបំផុតរបស់ពិភពលោកបានពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានាដូចជាផ្នែកសន្តិសុខ និងបច្ចេកវិទ្យាជាដើមក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយការពីថ្ងៃច័ន្ទ ទី២០ ខែវិច្ឆិកា។
ធនាគារកណ្ដាលចិន បានចេញសេចក្ដីថ្លែងការណ៍ថា កិច្ចព្រមព្រៀងប្ដូររូបិយប័ណ្ណដែលមានសុពលភាពរយៈពេល៣ឆ្នាំ និងដែលអាចពង្រីកបន្ថែមបានតាមរយៈការព្រមព្រៀងទៅវិញទៅមកនេះ “នឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុ ពង្រីកការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក និងលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគ” រវាងក្រុងរីយ៉ាដ (Riyadh) និងក្រុងប៉េកាំង។
ទិន្នន័យគយចិន បង្ហាញថា ប្រទេសចិន បាននាំចូលប្រេងរបស់អារ៉ាប៊ីសាអូឌីត ក្នុងទំហំ៦៥ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២។
ទោះជាយ៉ាងណា ប្រទេសរុស្ស៊ី នៅតែជាអ្នកផ្គត់ផ្គង់ប្រេងធំបំផុតរបស់ប្រទេសចិន ក្នុងខែតុលា ទោះជាប្រេងឆៅរុស្សី មានតម្លៃខ្ពស់ជាងក្ដី ដោយការនាំចូលប្រេងអារ៉ាប៊ីសាអូឌីត បានធ្លាក់ចុះ២,៥%ពីខែកញ្ញា ខណៈប្រទេសអារ៉ាប៊ីសាអូឌីត បន្តរឹតបន្តឹងការផ្គត់ផ្គង់។
ក្រុមឈ្មួញបានទម្លាយឱ្យដឹងថា ប្រធានាធិបតីចិន លោក ស៊ី ជីងភីង បានប្រាប់ក្រុមមេដឹកនាំក្នុងតំបន់ឈូងសមុទ្រអារ៉ាប់ កាលពីខែធ្នូ ចុងឆ្នាំ២០២២ ថា ប្រទេសចិន នឹងប្រឹងប្រែងធ្វើយ៉ាងណាទិញប្រេង និងឧស្ម័នដោយប្រើប្រាស់រូបិយប័ណ្ណ័យ័ន ប៉ុន្តែខ្លួនមិនទាន់បានប្រើប្រាស់រូបិយប័ណ្ណនេះសម្រាប់ការទិញប្រេងរបស់អារ៉ាប៊ីសាអូឌីត នៅឡើយទេ។
គេជឿថា ក្រុងប៉េកាំង មានបណ្ដាញប្ដូររូបិយប័ណ្ណធំបំផុតរបស់ពិភពលោកដោយមានប្រទេសចូលរួមយ៉ាងតិចចំនួន៤០៕ Reuters ៕