ដោយ: គង់ លាងហួរ
អន្តរជាតិ: លោក Brendan Nelson អនុប្រធានជាន់ខ្ពស់នៃសម្ព័ន្ធក្រុមហ៊ុនយក្សអាមេរិក Boeing បានលើកឡើងថា ក្រុមហ៊ុន Boeing ប្តេជ្ញាកសាងប្រព័ន្ធអេកូឡូស៊ីអាកាសចរណ៍ នៅក្នុងប្រទេសវៀតណាម។
គំរោងនេះ ផ្តោតលើហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ ការបណ្តុះបណ្តាលធនធានមនុស្ស និងការកសាងអាកាសយានដ្ឋាន ព្រមទាំងគ្រឹះស្ថានថែទាំ និងជួសជុលយន្តហោះ។
លោក Brendan Nelson បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តបែបនេះ ក្នុងអំឡុងជួបពិភាក្សាការងារ ជាមួយប្រធានាធិបតីវៀតណាមលោក Vo Van Thuong នៅខាងក្រៅកិច្ចប្រជុំ APEC ក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក។
លោក Nelson បានសង្កត់ធ្ងន់ថា “ការអភិវឌ្ឍន៍ឧស្សាហកម្មអាកាសចរណ៍ នឹងបើកឱកាសថ្មីៗជាច្រើន សម្រាប់វៀតណាម និងប្រជាជនរបស់ប្រទេសមួយនេះ”។
លោកបានសម្តែងក្តីសង្ឃឹមថា ជាមួយនឹងបទពិសោធន៍របស់ខ្លួន ក្រុមហ៊ុនBoeing នឹងជួយវៀតណាម ក្នុងការបណ្តុះបណ្តាលអាកាសយានិក អ្នកបច្ចេកទេស បុគ្គលិកសេវាកម្មហោះហើរ និងអ្នកគ្រប់គ្រងសុវត្ថិភាពអាកាសចរណ៍ ក៏ដូចជាការសាងសង់ និងប្រតិបត្តិការអាកាសយានដ្ឋាន និងមជ្ឈមណ្ឌលថែទាំ និងជួសជុលយន្តហោះផងដែរ។
ជាមួយគ្នានេះ ប្រធានាធិបតីវៀតណាមលោក Vo Van Thuong បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការអាជីវកម្មរវាងក្រុមហ៊ុន Boeing និងសហគ្រាសអាកាសចរណ៍វៀតណាម ដោយចាត់ទុកថា កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអាមេរិកបានរីកចម្រើនយ៉ាងខ្លាំង ជាមួយនឹងគម្រោងជាក់លាក់ជាច្រើន។
លោក Vo Van Thuong ក៏បានសង្កត់ធ្ងន់ផងដែរអំពីសារៈសំខាន់ នៃការបង្កើតប្រព័ន្ធអេកូឡូស៊ី អាកាសចរណ៍នៅក្នុងប្រទេសវៀតណាម ដោយលោកបានអះអាងថា នេះក៏ជាវិស័យ ដែលវៀតណាមមានតម្រូវការផងដែរ ព្រោះតម្រូវការធ្វើដំណើរតាមផ្លូវអាកាសក្នុងចំណោមប្រជាជនវៀតណាមកំពុងកើនឡើង។
លើសពីនោះ ថ្នាក់ដឹកនាំវៀតណាមរូបនេះ ក៏បានបង្ហាញពីបំណងប្រាថ្នារបស់លោកផងដែរ សម្រាប់សកម្មភាពកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងក្រុមហ៊ុន Boeing និងអាជីវកម្មវៀតណាមនាពេលអនាគត៕