ធនាគារ ហត្ថា ដាក់សម្ពោធជាផ្លូវការនូវប័ណ្ណវីសា របស់ខ្លួនដើម្បីផ្តល់នូវបទពិសោធក្នុងការទូទាត់ប្រកបដោយសុវត្ថិភាព ងាយស្រួល និងលឿនរហ័ស។

ភ្នំពេញ ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៣៖ ធនាគារ ហត្ថា ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទីប្រាំនៅក្នុងព្រះរាជាណាចក្រថៃ និងជាសមាជិកមួយនៃ MUFG Financial Group របស់ប្រទេសជប៉ុន បានប្រកាសដាក់សម្ពោធជាផ្លូវការនូវប័ណ្ណវីសា​ ហត្ថា នៅផ្សារទំនើប អ៊ីអនម៉ល មានជ័យ (អ៊ីអនម៉លទី ៣)។ នៅក្នុងកម្មពិធីសម្ពោធនេះ មានការអញ្ជើញចូលរួមជាកត្តិយសពីសំណាក់ លោកឧកញ៉ា ហួត អៀងតុង ប្រធាននាយកនៃ ធនាគារ ហត្ថា និងលោកស្រី Ivana Tranchini អ្នកគ្រប់គ្រងនៃក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា រួមជាមួយថ្នាក់ដឹកនាំ ជាន់ខ្ពស់មក ពីស្ថាប័នទាំងពីរ និងដៃគូយុទ្ធសាស្ត្រផ្សេងៗជាច្រើនអ្នកផងដែរ។

ព្រឹត្តិការណ៍ថ្ងៃនេះបានបង្ហាញពីការប្ដេជ្ញាចិត្តរបស់ធនាគារ ហត្ថា ក្នុងការផ្តល់ជូនអតិថិជនរបស់ខ្លួននូវបទពិសោធថ្មីៗនៃការទូទាត់បែប     ឌីជីថលប្រកបដោយភាពងាយស្រួល លឿនរហ័ស មានសុវត្ថិភាពខ្ពស់ និងប្រើប្រាស់បានទូលំទូលាយជាសកល ។ ព្រឹត្តិការណ៍នេះ គឺជាភាពជោគជ័យថ្មីមួយទៀតសម្រាប់ធនាគារ ហត្ថា ដែលកំពុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនប្រកបដោយភាពរីកចម្រើន មានវិជ្ជាជីវៈ  មានទំនួលខុសត្រូវខ្ពស់ចំពោះអតិថិជន និងតែងតែបំពេញតម្រូវការរបស់អតិថិជនជាអាទិភាពចម្បង។

លោកឧកញ៉ា ហួត អៀងតុង បានសម្តែងការសាទរចំពោះសមិទ្ធិផលដ៏សំខាន់នេះ ដោយលោកមានប្រសាសន៍ថា “យើងមានសេចក្តីរំភើបរីករាយក្នុងការផ្តល់ជូននូវសេវាទូទាត់ប្រាក់តាមបែបឌីជីថលជាសាកលដល់អតិថិជនបច្ចុប្បន្ន និងអនាគតរបស់ យើង។ នេះបង្ហាញពីវឌ្ឍនភាពដ៏សំខាន់នៅក្នុងផែនការផ្លាស់ប្តូរឌីជីថលរបស់យើង នៅពេលដែលយើងពង្រីកប្រព័ន្ធ អេកូធនាគារឌីជីថល របស់យើងដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជនទូទៅ និងម្ចាស់អាជីវកម្ម។ លោកបានពន្យល់បន្ថែមថា “តាមរយៈការប្រើប្រាស់ ប័ណ្ណឥណពន្ធ​ វីសា អតិថិជនអាចធ្វើការទូទាត់ប្រាក់តាមអនឡាញ ឬក្នុងហាងទំនិញណាមួយបានយ៉ាងងាយ ស្រួល និងមានសុវត្ថិភាពខ្ពស់នៅទីកន្លែងជាច្រើនជុំវិញពិភពលោក ដែលមាននិមិត្តសញ្ញា Visa”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី Ivana Tranchini បានមានប្រសាសន៍ថា “យើងមានក្តីរំភើបក្នុងការធ្វើជាដៃគូជាមួយធនាគារ ហត្ថា ដើម្បីផ្តល់ជូនអ្នកប្រើប្រាស់នៅកម្ពុជានូវសុវត្ថិភាព និងភាពងាយស្រួលនៃប័ណ្ណឥណពន្ធ វីសា”។ “យោងតាមការសិក្សាអំពី ឥរិយាបទ របស់អតិថិជន បានបង្ហាញថាការប្រើប្រាស់ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាននៅក្នុងប្រទេសកម្ពុជា មានការកើនឡើងជាលំដាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រួមជាមួយនឹងការចាប់អារម្មណ៍លើប័ណ្ណដែលមាន Contactless និងប័ណ្ណនិម្មិត។ យើងនៅតែបន្ត ប្តេជ្ញាចិត្តក្នុងការជំរុញដំណើរការផ្លាស់ប្តូរឌីជីថលរបស់ប្រទេសកម្ពុជាតាមរយៈការធ្វើឱ្យបទពិសោធននៃការទូទាត់របស់អ្នកប្រើប្រាស់កាន់តែប្រសើរឡើង ជាមួយនឹងដំណោះស្រាយទូទាត់បែបឌីជីថលប្រកបដោយភាពច្នៃប្រឌិតបំផុត។

ដើម្បីអបអរសាទរសមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់នេះ ធនាគារ ហត្ថា ក៏មានការផ្តល់ជូនពិសេសសម្រាប់អ្នកកាន់ប័ណ្ណ វីសា ថ្មី របស់ធនាគារផងដែរ។ ការផ្តល់ជូនពិសេសទាំងនេះរួមមានការលើកលែងថ្លៃសេវាប័ណ្ណប្រចាំឆ្នាំរហូតដល់ ៥ ​​ឆ្នាំ និងផ្តល់ជូន ទឹកប្រាក់ ត្រឡប់មកវិញ 10% បន្ថែមពីលើមុខងារពិសេសនៃប័ណ្ណនេះ។ ជាមួយនឹងប័ណ្ណ ហត្ថា វីសា អតិថិជនអាចរីករាយ ជាមួយនឹង ភាពងាយស្រួលនៃការទូទាត់តាមអនឡាញ និងនៅក្នុងហាងនានាទូទាំងពិភពលោក គ្រប់ទីកន្លែងដែលមាននិមិត្តសញ្ញា Visa​។ រាល់ការធ្វើប្រតិបត្តិការតាមរយៈប័ណ្ណ វីសា ហត្ថា គឺមានសុវត្ថិភាពខ្ពស់ ដោយទទួលបានការជូនដំណឹងត្រឡប់តាមរយៈសារ SMS និងលេខកូដសម្ងាត់(OTP) ដើម្បីធ្វើការផ្ទៀងផ្ទាត់បន្ថែមទៅលើប្រតិបត្តិការសម្រាប់ការទូទាត់តាមអនឡាញផងដែរ។ លើសពីនេះ ធនាគារ ហត្ថា ក៏បានផ្តល់សិទ្ធិផ្តាច់មុខសម្រាប់ម្ចាស់ប័ណ្ណ វីសា Platinum រួមមានការចូលសម្រាកនៅក្នុងបន្ទប់រង់ចាំពិសេស របស់ អាកាសយានដ្ឋានជាង១៣០កន្លែងទូទាំងពិភពលោក និងការធានារ៉ាប់រងលើការធ្វើដំណើរក្រៅប្រទេសរហូតដល់ ១.០០០.០០០ ដុល្លារអាមេរិក។

ដើម្បីរីករាយជាមួយអត្ថប្រយោជន៍ទាំងអស់ដែលបានរៀបរាប់ខាងលើ អតិថិជនអាចដាក់ពាក្យស្នើសុំប័ណ្ណ ហត្ថា វីសា នៅសាខាណាមួយ ដែលជិតលោកអ្នកបំផុត ឬតាមរយៈទូរសព្ទទៅលេខ 1800 212 222 ឬ 023 999 266។

អំពីធនាគារ ហត្ថា៖
ធនាគារ ហត្ថា ជាធនាគារពាណិជ្ជដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជិត ៣០ ឆ្នាំមកហើយ និងបានផ្តល់ជូននូវ សេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់អតិថិជនរបស់ខ្លួន។ គិតត្រឹមត្រីមាសទីពីរនៃឆ្នាំ ២០២៣នេះ ធនាគារ ហត្ថា គឺជាធនាគារពាណិជ្ជ ធំលំដាប់ទីបីក្នុងប្រទេសកម្ពុជា។ លើសពីនេះ ធនាគារ ហត្ថា បានរក្សាជំហររឹងមាំរបស់ខ្លួនដោយជោគជ័យ ជាមួយចំណាត់ថ្នាក់ទី ៤ ទាំងសមតុល្យឥណទាន និងសមតុល្យប្រាក់បញ្ញើសន្សំ ក្នុងចំណោមធនាគារធំទាំងដប់ក្នុងប្រទេសកម្ពុជា។ ធនាគារ ហត្ថា ធ្វើប្រតិបត្តិការ ក្នុងនាមជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ ទីប្រាំនៅក្នុង ព្រះរាជាណាចក្រថៃ និងមានប្រវត្តិអស់រយៈពេល 77 ឆ្នាំ។ ធនាគារ ក្រុងស្រ៊ី ជាសមាជិកមួយនៃ MUFG Financial Group របស់ប្រទេសជប៉ុន និងជាក្រុមហ៊ុនធំបំផុតមួយនៅទូទាំងពិភពលោក។

អំពីក្រុមហ៊ុន Visa Inc.
Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល ដែលជួយសម្រួលដល់ប្រតិបត្តិការ រវាងអ្នកប្រើប្រាស់ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និងស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធ ច្រើនជាង ២០០ ប្រទេស និង តំបន់ ជារៀងរាល់ឆ្នាំ។ បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូល តាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី ងាយស្រួល អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាជីវករ និង​សេដ្ឋកិច្ចមានការរីកចម្រើន។ យើងជឿជាក់ថាសេដ្ឋកិច្ចដែលរួមបញ្ចូលមនុស្សគ្រប់រូប នៅគ្រប់តំបន់ នឹងជួយដល់ការអភិវឌ្ឍនៅគ្រប់ទីកន្លែង ហើយយើងមើលឃើញថា នេះគឺជាមូលដ្ឋានគ្រឹះនៃចរន្តសាច់ប្រាក់។ ស្វែងយល់បន្ថែមតាមរយៈVisa.com។

LEAVE A REPLY

Please enter your comment!
Please enter your name here