លំហូរ FDI ចូលមកកាន់ប្រទេសចិនសម្រេចបានទំហំទឹកប្រាក់១២៨ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល៩ខែ ឆ្នាំនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមក្រសួងពាណិជ្ជកម្មចិនបានឱ្យដឹងថា លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ចូលមកកាន់ប្រទេសចិន សម្រេចបានទំហំទឹកប្រាក់ចំនួន៩១៩,៩៧ពាន់លានយ័ន (ប្រហែល១២៨ពាន់លានដុល្លារអាមេរិក) ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣នេះ។

តួលេខ នេះ បាន ធ្លាក់ ចុះ៨,៤ភាគរយ បើធៀប នឹង ឆ្នាំ មុន។ មន្ត្រី មួយរូបនៃក្រសួងពាណិជ្ជកម្មចិនបានអះអាងថា ការធ្លាក់ចុះនេះគឺដោយសារតែសេដ្ឋកិច្ចពិភពលោកបានស្ទុះងើបឡើងវិញក្នុងល្បឿនដ៏យឺត។

ក្នុងអំឡុងរយៈពេល៩ខែកន្លងមកនេះ ក្រុមហ៊ុនវិនិយោគបរទេសថ្មីចំនួន៣៧.៨១៤ក្រុមហ៊ុន ត្រូវបានបង្កើតឡើងនៅទូទាំងប្រទេសចិន ដែលកើនឡើង៣២,៤ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ការវិនិយោគផ្ទាល់ពីបរទេសក្នុងវិស័យផលិតកម្មបានកើនឡើង២,៤ភាគរយធៀបនឹងរយៈពេល៩ខែដំបូងដូចគ្នាកាលពីឆ្នាំមុន ដោយការផលិតបច្ចេកវិទ្យាជាន់ខ្ពស់កើនឡើង១២,៨ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្មបង្ហាញថា លំហូរ FDI ពីប្រទេសបារាំង ចក្រភពអង់គ្លេស និងកាណាដា ចូលមកកាន់ប្រទេសចិន បានកើនឡើង១២១,៧ភាគរយ ១១៦,៩ភាគរយ និង១០៩,២ភាគរយរៀងៗគ្នាក្នុងរយៈពេល៩ខែដំបូងដើមឆ្នាំនេះ។

មន្ត្រីក្រសួងពាណិជ្ជកម្មចិនរូបនោះបានបន្ថែមថា លំហូរ FDI ចូលមកកាន់ប្រទេសចិននៅតែស្ថិតក្នុងគន្លងវិជ្ជមានក្នុងរយៈពេលវែង។

ជាមួយគ្នានេះ ក្រុមប្រឹក្សារដ្ឋរបស់ប្រទេសចិនបានដាក់បង្ហាញគោលការណ៍ណែនាំដើម្បីបង្កើនប្រសិទ្ធភាពបរិយាកាសវិនិយោគបរទេសរបស់ខ្លួន និងពង្រឹងលំហូរផ្ទាល់ពីវិនិយោគបរទេស។

មន្ត្រីរូបនោះបានបន្ថែមថា នៅជំហានបន្ទាប់ ក្រសួងនឹងលើកទឹកចិត្តចំពោះការវិនិយោគបរទេស ជំរុញកំណែទម្រង់ បើកចំហតំបន់ពាណិជ្ជកម្មសេរីសាកល្បង កំពង់ផែពាណិជ្ជកម្មសេរី និងបើកចំហវិស័យសេវាកម្មបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here