អគ្គនាយកដ្ឋានពន្ឋដាររកចំណូលថវិកាជាតិចំនួន៣០៦៦លានដុល្លារក្នុងរយៈពេល១០ខែ

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រមូលចំណូលពន្ធ សម្រាប់ថវិកាជាតិបាន៣០៦៦.៩៣លានដុល្លារ ស្មើនឹង៨៥.៨៧% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រា​ប់ការគ្រប់គ្រងឆ្នាំ២០២៣។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ អគ្គនាយកដ្ឋានពន្ធដារ។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ប្រមូលចំណូលពន្ធប្រចាំខែតុលា និងសម្រាប់រយៈពេល១០ខែ ឆ្នាំ២០២៣ លោកគង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានផ្សព្វផ្សាយណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ក្នុងការពង្រឹងការអនុវត្ត ប្រកបដោយការយកចិត្តទុកដាក់នូវវិធានការលើកទឹកចិត្ត និងសម្រួលផ្នែកពន្ធដារ ជូនវិស័យឯកជននាពេលកន្លងមក ជាពិសេសវិធានការ និងដំណោះស្រាយថ្មីៗពាក់ព័ន្ធនឹងពន្ធដារ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសដាក់ចេញកាលពីជំនួប ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក៏ដូចជា បន្តពង្រឹងការអនុវត្តការងារប្រកប ដោយការយកចិត្តទុកដាក់តាមអនុសាសន៍ណែនាំ របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបានដាក់ចេញកន្លងមក ក្នុងការពង្រឹងគុណភាពនៃការផ្ដល់សេវា និងប្រសិទ្ធភាពការងារ។

បន្ថែមពីលើនេះ អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តយកចិត្តទុកដាក់ និងពង្រឹងការអនុវត្តការងារ ស្របតាមអនុសាសន៍របស់អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាទិសដៅ សម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ នាកិច្ចប្រជុំបូកសរុបលទ្ធផល ប្រមូលចំណូលពន្ធប្រចាំខែកញ្ញា និងប្រចាំត្រីមាសទី៣ ឆ្នាំ២០២៣ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ជាពិសេស ការងារអាទិភាពសំខាន់ៗ ក្នុងការពង្រឹងនិងធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាជូនអ្នកជាប់ពន្ធ ការដាក់ចេញនូវអាទិភាពការ​ងារ និងដោះស្រាយនូវបញ្ហាប្រឈមនានា របស់វិស័យឯកជនក៏ដូចជាសាធារណជនទូទៅ ការលើកកម្ពស់ការយល់ដឹង និងការអប់រំអំពីពន្ធដារ ការពង្រឹងការបំពេញការងារ ដោយផ្អែកលើនិយាមនិតិវិធីប្រតិបត្តិការងារ (SOP) លើគ្រប់ប្រភេទការងារនិងប្រភេទពន្ធ ព្រមទាំងអនុសាសន៍គន្លឹះមួយចំនួនទៀត សម្រាប់ការងារកែទម្រង់ជាលក្ខណៈប្រព័ន្ធផងដែរ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here