សេដ្ឋកិច្ចរបស់សហភាពអឺរ៉ុបនឹងសម្រេចបានកំណើនត្រឹម១,៣ភាគរយក្នុងឆ្នាំ២០២៤

ដោយ: គង់ លាងហួរ

អន្តរជាតិ: សេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប (EU) បានបាត់បង់សន្ទុះនៅឆ្នាំ២០២៣។ នេះបើយោងតាមការព្យាករណ៍របស់គណៈកម្មការអឺរ៉ុប ដែលបានចេញផ្សាយកាលពីថ្ងៃពុធ ទី១៥ ខែវិច្ឆិកា។

គណៈកម្មការអឺរ៉ុប បានបន្ទាបការព្យាករណ៍របស់ខ្លួន សម្រាប់កំណើនសេដ្ឋកិច្ច ទាំងនៅក្នុងសហភាពអឺរ៉ុប និងតំបន់ចាយប្រាក់អឺរ៉ូនៅឆ្នាំនេះមកត្រឹម០,៦ភាគរយ ធៀបនឹងការព្យាករណ៍ពីមុន០,៨ភាគរយ។

គណៈកម្មាការអឺរ៉ុបបានបញ្ជាក់ថា ផលិតផលក្នុងស្រុកសរុប (GDP) ពិតប្រាកដរបស់សហភាពអឺរ៉ុប បានកើនឡើងក្នុងកម្រិតតិចតួចបំផុត នៅក្នុងរយៈពេល៩ដំបូងនៃឆ្នាំ២០២៣នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អត្រាអតិផរណាដ៏ខ្ពស់ និងការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលអឺរ៉ុប បានធ្វើឱ្យសេដ្ឋកិច្ចមានការថយចុះខ្លាំងជាងការរំពឹងទុកពីមុន គួបផ្សំជាមួយនឹងតម្រូវការខាងក្រៅ ដែលកំពុងធ្លាក់ចុះ។
សូចនាករអាជីវកម្មថ្មីចុងក្រោយបំផុត និងទិន្នន័យស្ទង់មតិសម្រា​ប់ខែតុលា បានចង្អុលបង្ហាញពីសកម្មភាព សេដ្ឋកិច្ចធ្លាក់ចុះផងដែរនៅក្នុងត្រីមាសទី៤នៃឆ្នាំនេះ ស្របពេលដែលភាពមិនច្បាស់​លា​ស់កំពុងកើនឡើង។

GDP របស់សហភាពអឺរ៉ុបត្រូវបានព្យាករថា នឹងកើនឡើង១,៣ភាគរយក្នុងឆ្នាំ២០២៤ ធៀបនឹងការព្យាករណ៍ពីមុន១,៤ភាគរយ  ខណៈសេដ្ឋកិច្ចតំបន់ចាយប្រាក់អឺរ៉ូ ត្រូវបានគេរំពឹងថា នឹងកើនឡើង១,២ភាគរយនៅឆ្នាំក្រោយ។

សម្រាប់ឆ្នាំ២០២៥ គណៈកម្មាការអឺរ៉ុបបានព្យាករថា សហភាពអឺរ៉ុប នឹងសម្រេចបានកំណើនសេដ្ឋកិច្ច ក្នុងរង្វង់១,៧ភាគរយ និងកំណើន១,៦ភាគរយ សម្រាប់តំបន់ចាយប្រាក់អឺរ៉ូ៕

LEAVE A REPLY

Please enter your comment!
Please enter your name here