អាល្លឺម៉ង់នឹងជំរុញគាំទ្រ និងលើកទឹកចិត្តវិនិយោគិនអាល្លឺម៉ង់ឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅកម្ពុជា លោក Stefan Messerer លើកឡើងអំពីការប្ដេជ្ញាចិត្តជំរុញ គាំទ្រ និងលើកទឹកចិត្តវិនិយោគិនអាល្លឺម៉ង់ ឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត។

លោក Stefan Messerer លើកឡើងដូចនេះ ក្នុងឱកាសចូលជួបសម្ដែងការគួរសម ជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហា​ផ្ទៃ លោក ស សុខា នាថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងមហាផ្ទៃ។

ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំនៅកម្ពុជា បានបង្ហាញសុទិដ្ឋិនិយម ចំពោះការដឹកនាំរបស់លោក ស សុខា ថានឹងធ្វើឱ្យក្រសួងមហាផ្ទៃសម្រេច បានសមិទ្ធផលធំធេងបន្ថែមទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមគ្នានេះដែរ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ជាពិសេសការផ្ទេរសេវាសាធារណៈមួយចំនួនពីថ្នាក់ជាតិ ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈយន្តការច្រកចេញចូលតែមួយ។

លោកក៏បានចូលរួមអបអរសាទរកម្ពុជា ចំពោះការរៀបចំប្រព័ន្ធរដ្ឋាភិបាលឌីជីថល (Digital Government) ដើម្បីជំរុញការផ្តល់សេវាសាធារណៈជូនពលរដ្ឋកាន់តែប្រសើរ ជាពិសេសកាត់បន្ថយការចំណាយ និងចំណេញពេលវេលា។

លោក ស សុខា បានមានប្រសាសន៍បន្តថា បច្ចុប្បន្នកម្ពុជាកំពុងអនុវត្តកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទីពីរ សម្រាប់ឆ្នាំ២០២១-២០៣០ ដែលនឹងមានការបន្តបែងចែកអំណាច និងធនធានពីថ្នាក់ជាតិ ទៅថ្នាក់ក្រោមជាតិបន្ថែមទៀត ដើម្បីឱ្យការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋ នៅថ្នាក់មូលដ្ឋានកាន់តែមានភាពប្រសើរឡើង។

រដ្ឋមន្រ្តីមហាផ្ទៃក៏បានថ្លែងអំណរគុណ សហព័ន្ធអាល្លឺម៉ង់ ដែលបានសហការ និងសម្របសម្រួល ព្រមទាំងផ្ដល់ការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ ជាន់ខ្ពស់កម្ពុជានៅសហព័ន្ធអាល្លឺម៉ង់កន្លងទៅនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here