ដោយៈ ហ្វីអូណា
ភ្នំពេញៈ កម្ពុជានឹងចាប់ផ្តើមនាំចេញអង្ករ ជាលើកដំបូងទៅកាន់ទីផ្សារប្រទេសទីម័រឡេស្តេ ក្នុងបរិមាណចំនួន៤.០០០ តោននាពេលដ៏ខ្លីខាងមុខនេះ។
ការនាំចេញទៅកាន់ទីផ្សារប្រទេសទីម័រលេស្តេ ជាលើកទី១នេះ គឺត្រូវបានអនុវត្តន៍ឡើង រវាងក្រុមហ៊ុនហ្គ្រីនត្រេដ នៃក្រសួងពាណិជ្ជកម្ម និងមជ្ឈមណ្ឌលជាតិភ័ស្តុភារកម្ម នៃប្រទេសទីម័រលេស្តេ (National Logistic center)។ នេះបើការឱ្យដឹងពីលោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។
លោកបន្តថា ដំណើរការនៃការនាំចេញអង្ករ ទៅកាន់ទីផ្សារប្រទេសប្រទេសទីម័រលេស្តនេះ គឺកើតចេញពីកិច្ចខិតខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែខិតខំស្វែងរកទីផ្សារ ជូនអង្ករកម្ពុជា ជាពិសេសនៅគ្រប់កិច្ចសវនាការ និងការប្រជុំនានា ជាមួយប្រមុខរដ្ឋាភិបាលប្រទេសផ្សេងៗ សម្តេចធិបតី តែងតែស្នើឱ្យសមភាគីប្រទេសទាំងនោះ ជួយទិញអង្ករកម្ពុជាឱ្យបានកាន់តែច្រើន ជាក់ស្ដែងនៅក្នុងជំនួបប្រមុខរដ្ឋ និងប្រមុខការទូតទាំងអស់។
ស្ថិតក្រោមទស្សនៈវិស័យដ៏វែងឆ្ងាយ ត្រឹមត្រូវរបស់សម្ដេចធិបតី ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ដែលមានក្រុមហ៊ុនហ្គ្រីនត្រេដ ជាសេនាធិការបានរៀបចំ ការធ្វើប្រជុំពិភាក្សា ជាមួយគណប្រតិភូមកពីប្រទេសទីម័រលេស្តេ ដែលដឹកនាំដោយលោកAnibal Carvalho Martinez តំណាងជាន់ខ្ពស់ មកពីក្រសួងកិច្ចការសេដ្ឋកិច្ច និងសហការីមកពីមជ្ឈមណ្ឌលជាតិភ័ស្តុភារកម្ម នៃប្រទេសទីម័រលេស្ត (National Logistic center) ស្តីពីការធ្វើពាណិជ្ជកម្មអង្កររវាងប្រទេសទាំងពីររ ហូតឈានដល់ការចុះកិច្ចសន្យាទិញ-លក់ និងគ្រោងធ្វើការនាំចេញនាពេលខាងមុខនេះ ក្នុងបរិមាណចំនួន៤.០០០ តោន។
លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជំរុញ និងលើកទឹកចិត្ត ដល់ក្រុមហ៊ុនហ្គ្រីនត្រេដ និងសហព័ន្ធស្រូវអង្ករកម្ពុជា ឱ្យខិតខំបំពេញការងារ និងបន្តសកម្មភាពនេះ ដើម្បីជំរុញការនាំចេញអង្ករ ដែលនឹងឈានទៅរកការបើកច្រកទីផ្សារថ្មីៗទៀត។
លោកស្រី បានលើកឡើងផងដែរ អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យវិស័យស្រូវអង្ករកម្ពុជា មានភាពប្រកួតប្រជែង ដែលមានការលើកទឹកចិត្តផ្នែកពន្ធដារ ដោយលើកលែងពន្ធគ្រប់ប្រភេទ និងអាករ ដល់រោងម៉ាស៊ីនកិនស្រូវ និងអ្នកនាំចេញ តាំងពីឆ្នាំ ២០១១ ហើយបានបន្តជូនរយៈពេល៥ឆ្នាំបន្ថែមទៀត សម្រាប់សហគ្រាសដែលអស់អាណត្តិ៕