CSX នឹងទទួលបានគណនីជួញដូរថ្មី៥០ពាន់គណនីនៅឆ្នាំ២០២៤ស្របពេលតម្លៃជួញដូរកើនជាង២០ម៉ឺនដុល្លារក្នុងមួយថ្ងៃ

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ អគ្គនាយកផ្សារមូលបត្រកម្ពុជា(CSX)បានសម្តែងសុទិ​ដ្ឋិនិយមថា នៅក្នុងឆ្នាំ២០២៤ ផ្សារមូលបត្រកម្ពុជា នឹងទទួលបានគណនីជួញដូរថ្មីចំនួន៥០ពាន់គណនី ឬកើនឡើង១០០% បើ ធៀបទៅនឹងគណនីជួញដូរសរុប ក្នុងទសវត្សរ៍កន្លងមក។

ជាមួយគ្នានេះ តម្លៃនៃការជួញដូរជាមធ្យមប្រចាំថ្ងៃ នាពេលបច្ចុប្បន្នមានចំនួនច្រើនជាង២០ម៉ឺនដុល្លារ ក្នុងមួយថ្ងៃចាប់តាំងពីដើមឆ្នាំ ២០២៣។

លោកហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយ​កផ្សារមូលបត្រកម្ពុជាថ្លែងបែបនេះ ក្នុងពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា “My First STOCK” ជាលើកទី៦នេះ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅផ្សារទំនើប អ៊ីអនម៉ល ក្រោមវត្តមានលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃផ្សារមូលបត្រកម្ពុជា លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា និងតំណាងក្រសួង-ស្ថាប័ន, វិស័យឯកជន, ក្រុមហ៊ុនជាតិ អន្តរជាតិ, វិនិយោ គិនស្ថាប័ន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អគ្គនាយកផ្សារបានបញ្ជាក់ថា “ការវិនិ​យោគ លើភាគហ៊ុនអាចធ្វើឱ្យយើងក្លាយជាអ្នកមាន ដោយសារវាផ្តល់នូវប្រភពចំណូលអកម្មដ៏អស្ចារ្យ ដែលអនុញ្ញាតឱ្យយើងសម្រេចបាននូវសេរីភាពហិរញ្ញវត្ថុ”។ លោកបន្តថា “គិតត្រឹមថ្ងៃនេះ ផ្សារមូលបត្រកម្ពុជាមានគណនីជួញដូរជាង៤៤ពាន់គណនី”។

លោកហុង សុហួរបានបន្តថា ទោះបីជាតម្លៃនៃការជួញដូរនៅតែមានកម្រិតក៏ដោយ ទីផ្សាររបស់យើងគឺមានភាពសកម្ម ជាងពេលមុន ដោយសារចំនួន នៃការដាក់បញ្ជាទិញបានកើនឡើង យ៉ាងខ្លាំងពេញមួយឆ្នាំនេះ ជាមួយនឹងការកើនឡើងចំនួនវិនិយោគិនសកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here