ធនាគារ ADB ផ្តល់ប្រាក់កម្ចី១៧៥លានដុល្លារអាមេរិកដើម្បីកែលម្អបណ្តាញហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសឥណ្ឌា

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបញ្ជាក់ឱ្យដឹងថា ខ្លួនបានអនុម័តលើការផ្តល់ប្រាក់កម្ចីចំនួន១៧៥លានដុល្លារអាមេរិកដើម្បីកែលម្អការតភ្ជាប់ និងភាពធន់នឹងអាកាសធាតុនៃផ្លូវថ្នល់ក្នុងរដ្ឋ Madhya Pradesh របស់ប្រទេសឥណ្ឌា។

ធនាគារដែលមានមូលដ្ឋាននៅទីក្រុងម៉ានីលមួយនេះបានអះអាងថា គម្រោងនេះនឹងធ្វើឱ្យប្រសើរឡើងនូវផ្លូវហាយវេរដ្ឋដែលមានប្រវែងប្រហែល៥០០គីឡូម៉ែត្រ និងប្រែក្លាយផ្លូវសំខាន់ៗក្នុងសង្កាត់ទៅជាផ្លូវដែលមាន២គន្លង។

ធនាគារ ADB បានបន្តថា “ផ្លូវទាំងនេះនឹងរួមបញ្ចូលការរចនាដែលធន់នឹងអាកាសធាតុ និងគ្រោះមហន្តរាយ ធាតុសុវត្ថិភាពផ្លូវថ្នល់ប្រកបដោយភាពច្នៃប្រឌិត និងគ្រឿងបរិក្ខារដែលនឹងឆ្លើយតបទៅនឹងតម្រូវការរបស់មនុស្សចាស់ ស្ត្រី កុមារ និងជនពិការ”។

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់ការអភិវឌ្ឍន៍បណ្តាញផ្លូវថ្នល់នៅក្នុងរដ្ឋ Madhya Pradesh ចាប់តាំងពីឆ្នាំ២០០២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Yang Lu អ្នកជំនាញផ្នែកដឹកជញ្ជូននៅធនាគារ ADB បានគូសបញ្ជាក់ថា គម្រោងបច្ចុប្បន្នមានគោលដៅជំរុញការតភ្ជាប់រវាងតំបន់ជនបទ និងមជ្ឈមណ្ឌលកំណើន ពង្រឹងច្រករបៀងឧស្សាហកម្ម និងធានាឱ្យមានការស្ថាបនាផ្លូវថ្នល់ដែលធន់នឹងអាកាសធាតុឱ្យកាន់តែមានសុវត្ថិភាព ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន សមធម៌ និងនិរន្តរភាពរបស់រដ្ឋ Madhya Pradesh ។

លើសពីនេះ ADB នឹងកសាងសមត្ថភាពក្រុមហ៊ុន Madhya Pradesh Road Development Corporation Limited លើការសម្របខ្លួន និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ ភាពធន់នឹងគ្រោះមហន្តរាយ និងសុវត្ថិភាពផ្លូវថ្នល់ក្នុងការរៀបចំផែនការ និងការគ្រប់គ្រងបណ្តាញផ្លូវថ្នល់។

ធនាគារ ADB បន្ថែមថា គម្រោងនេះនឹងជួយរៀបចំយុទ្ធសាស្ត្រ និងផែនការប្រើប្រាស់បច្ចេកវិទ្យាបៃតងក្នុងការសាងសង់ផ្លូវ និងបង្កើតហេដ្ឋារចនាសម្ព័ន្ធសាកថ្មសម្រាប់រថយន្តអគ្គិសនី៕

LEAVE A REPLY

Please enter your comment!
Please enter your name here