ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមក្រសួងមហាផ្ទៃថៃបាន ឱ្យដឹងថាពលករចំណាកស្រុកមកពីប្រទេសកម្ពុជា មីយ៉ាន់ម៉ា ឡាវ និង វៀតណាម ដែលពីមុនត្រូវបានអនុញ្ញាតឲ្យស្នាក់នៅ និងធ្វើការក្នុងប្រទេសថៃជាបណ្ដោះអាសន្នឥឡូវនេះ ពួកគេត្រូវបានផ្តល់ការពន្យារពេលស្នាក់នៅ ដោយអាចស្នើសុំទិដ្ឋាការ និងលិខិតអនុញ្ញាតការងារថ្មី។
លោកស្រី Traisuree Taisaranakul រដ្ឋលេខាធិការ និង ជា អ្នក នាំ ពាក្យក្រសួង មហាផ្ទៃ បានលើកឡើងថា ក្រសួង បាន ចេញ សេចក្តី ប្រកាស ពាក់ព័ន្ធ ថ្មី ចំនួន ពីរ ដែល ផ្តល់ ការ អនុញ្ញាត ពិសេស ដល់ ពលករ ចំណាក ស្រុក ទាំង នេះ ដើម្បី ពន្យារពេលក្នុងការ ស្នាក់ នៅ និង បន្ត ធ្វើ ការ ដោយ ស្រប ច្បាប់ នៅ ប្រទេស ថៃ។
លោកស្រី បន្ត ថា កូនៗរបស់ពលករ ចំណាក ស្រុក ទាំង នេះ ដែល មាន អាយុ ក្រោម១៨ឆ្នាំ ត្រូវ បាន អនុញ្ញាត ឲ្យ បន្ត ស្នាក់នៅ ដោយ ស្វ័យ ប្រវត្តិ ចំណែក អ្នក ដែល មាន អាយុ លើស១៨ឆ្នាំ មាន រយៈពេល៦០ថ្ងៃ ទៀត ចាប់ ពី ថ្ងៃ ដែល ពួកគេ ឈានចូលអាយុ១៨ឆ្នាំ ត្រូវស្នើសុំ លិខិតអនុញ្ញាត ដើម្បីធ្វើ ការ ស្រប ច្បាប់ នៅ ប្រទេស ថៃ។
លោកស្រីបញ្ជាក់ទៀតថា សេចក្តីប្រកាសទី២របស់ក្រសួងមហាផ្ទៃ ដែលចូលជាធរមានកាលពីថ្ងៃអង្គារ គឺទាក់ទងនឹងក្រុមពលករចំណាកស្រុកមកពីប្រទេសមីយ៉ាន់ម៉ា ឡាវ និងកម្ពុជា ហើយបច្ចុប្បន្នកំពុងរស់នៅ និងធ្វើការនៅទីនេះ ក្រោមអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាលថៃ និងរដ្ឋាភិបាលនៃប្រទេសទាំង៣នេះ។
លោកស្រី បន្ត ទៀតថា ក្រោម ការ ប្រកាស ថ្មីនេះ ពលករ ចំណាក ស្រុកដែលបានចុះMoU ទាំង ៣ប្រទេស ដែល មានសិទ្ធិរយៈពេល៤ឆ្នាំ ដើម្បី រស់ នៅ និង ធ្វើ ការ ក្នុង ប្រទេស ថៃ ដែលត្រូវ ផុត កំណត់ នៅ ថ្ងៃ ទី៣១ ខែ ធ្នូ ត្រូវ បាន អនុញ្ញាត ឲ្យ បន្ត រស់ នៅ និងធ្វើការនៅទី នេះ រហូត ដល់ ថ្ងៃ ទី ៣០ ខែ មេសា ឆ្នាំ ២០២៤។
លោកស្រីបន្ថែមថា “ប្រសិនបើពួកគេចង់បន្តធ្វើការចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំដដែលនោះ ពាក្យស្នើសុំប័ណ្ណការងារត្រូវតែត្រូវបានដាក់ជូនដោយនិយោជកជំនួសឱ្យពួកគេ”។
លោកស្រីអះអាងទៀតថា “ចំពោះពលករ ដែលចង់បន្តស្នាក់នៅ និងបន្តការងារក្រោយថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ និយោជកនឹងត្រូវដាក់សំណើថ្មីសម្រាប់ពួកគេម្តងទៀត”៕