ប្រទេសចិនបានដាក់ឱ្យដំណើរការផ្លូវដែកប្រវែងជាង១.៤០០គីឡូម៉ែត្រក្នុងរយៈពេល៩ខែដំបូងដើមឆ្នាំនេះ

ដោយ: គង់ លាងហួរ

ប៉េកាំង: យោងតាមទិន្នន័យពីក្រុមហ៊ុន China State Railway Group Co., Ltd. បានបង្ហាញថា ខ្សែផ្លូវរថភ្លើងថ្មីសរុបប្រវែង១.៤០២គីឡូម៉ែត្រ ត្រូវបានដាក់ឱ្យប្រើប្រាស់ នៅទូទាំងប្រទេសចិនក្នុងរយៈពេល៣ត្រីមាសដំបូង នៃឆ្នាំ២០២៣នេះ ឬស្មើនឹងរយៈពេល៩ខែ។

នេះបើយោងតាមការចុះផ្សាយ ដោយសារពត៌មានរបស់រដ្ឋចិន Xinhua កាលពីពេលថ្មីៗកន្លងទៅនេះ។ ក្នុង​ចំណោម​ខ្សែផ្លូវរថភ្លើងថ្មី សរុបប្រវែង១.៤០២គីឡូម៉ែត្រនេះ គេសង្កេតឃើញថា ខ្សែផ្លូវ​រថភ្លើងល្បឿន​លឿន មាន​ប្រវែង១.២៧៦គីឡូម៉ែត្រ​ ដែលត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​ ។នេះ​បើ​តាម​ក្រុមហ៊ុន China State Railway Group។

បណ្តាគម្រោងធំៗក្នុងការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែករបស់ប្រទេសចិន បានរីកចម្រើនយ៉ាងលឿនរហ័សបំផុត ក្នុងអំឡុងរយៈពេលខាងលើនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាក់ស្តែង ការវិនិយោគទ្រព្យសកម្មថេរ នៅក្នុងវិស័យផ្លូវដែករបស់ប្រទេសចិន បានកើនឡើង៧,១ភាគរយ ដល់ទំហំទឹកប្រាក់៥០៨,៩ពាន់លានយ័ន (ប្រហែល៧០,៩ពាន់លានដុល្លារអាមេរិក)ក្នុងរយៈពេល៣ត្រីមាសដំបូងនៃឆ្នាំ២០២៣នេះ។

ក្រុមហ៊ុនខាងលើបានអះអាងទៀតថា ប្រទេសចិនគ្រោងនឹងដាក់ឱ្យដំណើរការខ្សែរថភ្លើងថ្មី ដែលមានប្រវែងសរុបជាង៣.០០០គីឡូម៉ែត្រ ក្នុងឆ្នាំនេះ ដែលក្នុងនោះ ខ្សែរថភ្លើងប្រវែង២.៥០០គីឡូ​ម៉ែត្រ គឺជារថភ្លើងល្បឿនលឿន។

កាលពីពេលថ្មីៗនេះ រថភ្លើងដឹកទំនិញចិន-អឺរ៉ុប ដែលផ្ទុកពេញចំណុះ បានធ្វើដំណើរមកដល់ទីក្រុងម៉ាឌ្រីដ ប្រទេសអេស្បាញ ដែលជារថភ្លើងដំបូងគេ តភ្ជាប់ពីខេត្តសានស៊ីភាគខាងជើង របស់ប្រទេសចិនទៅកាន់ប្រទេសអេស្ប៉ាញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here