ក្រសួងពាណិជ្ជកម្មគ្រោងរៀបចំពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជាលើកទី១៦ នៅពាក់កណ្តាលខែធ្នូខាងមុខ

ដោយ: គង់ លាងហួរ

ភ្នំពេញ: យោងតាមសេចក្តីប្រកាសពត៌មានបានឱ្យដឹងថា ក្រសួ ងពាណិជ្ជកម្ម គ្រោងនឹងបន្តរៀបចំពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជាលើកទី១៦ កម្រិតអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែធ្នូ ខាងមុខ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ និងសន្និបាតកោះពេជ្រ។

ក្នុងឱកាសនៃការរៀបចំពិព័រណ៍ខាងលើនេះ ក្រសួងពាណិជ្ជកម្មក៏នឹងរៀបចំព្រឹត្តិការណ៍ អមសំខាន់ៗមួយចំនួនផងដែរ ដូចជាកម្មវិធីសិក្ខាសាលាស្តីពី ការជំរុញសកម្មភាពពាណិជ្ជកម្ម វេទិកាធុរកិច្ច និងវិនិយោគ ជំនួបពាណិជ្ជកម្ម និងកម្មវិធី ចុះអនុស្សរណៈយោគយល់លើកិច្ចការពាណិជ្ជកម្ម ដែលត្រូវបានរៀបចំឡើងដើម្បីជួយគាំទ្រ និងអភិវឌ្ឍវិស័យឯកជន។

ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍នេះធ្វើឡើង ក្នុងគោលបំណងជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ជាពិសេសជំរុញការនាំចេញផលិតផល និងសេវាឱ្យដល់គោលដៅទីផ្សារ ដែលជាផ្នែកមួយជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រូបតំណាង ៖ក្រសួងពាណិជ្ជកម្ម គ្រោងរៀបចំពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជាលើកទី១៥ នៅខែធ្នូខាងមុខ រូបភាព៖ ក្រសួងពាណិជ្ជកម្មជាមួយគ្នានេះ ព្រឹត្តិការណ៍ពាណិជ្ជកម្មខាងលើ នឹងផ្ដល់នូវកាលានុវត្តភាពថ្មី ក្នុងការតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម ក្នុងស្រុករវាងរាជធានី-ខេត្តទូទាំងប្រទេស និងរវាងកម្ពុជា ជាមួយអន្តរជាតិ។

តាមរយៈនេះ ក្រសួងពាណិជ្ជកម្មក៏បានប្រកាសអញ្ជើញ អ្នកវិនិយោគ ក្រុមហ៊ុន សហគ្រាសកម្ពុជា ផលិតករ និងពាណិជ្ជករ ដែលមានបំណងចង់ចូលរួម ក្នុងព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជា លើកទី១៦ ឆ្នាំ២០២៣ ឬមានគម្រោងស្វែងរកដៃគូពាណិជ្ជកម្ម និងវិនិយោគ ឬមាន គម្រោងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយដៃគូរបស់ខ្លួន។

ក្រសួងបន្ថែមថា សម្រាប់អ្នកដែលមានបំណងចង់ចូលរួម ត្រូវអញ្ជើញមកបំពេញបែបបទចូលរួម និងផ្ញើគម្រោងរបស់ខ្លួនមកកាន់អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ឱ្យបានមុនថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាកំណត់៕

LEAVE A REPLY

Please enter your comment!
Please enter your name here