តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃព្រមគ្នា នៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃនៅថ្ងៃពុធនេះ ខណៈប្រាក់ដុល្លារបានធ្លាក់ថ្លៃចុះយ៉ាងគំហុក ដោយសារការថយចុះនៃអតិផរណារបស់សហរដ្ឋអាមេរិក បានបង្កើនទំនុកចិត្តរបស់អ្នកវិនិយោគ។

ជាមួយគ្នានោះ អ្នកវិនិយោគក៏កំពុងរង់ចាំមើលទិន្នន័យនៃការលក់រាយរបស់សហរដ្ឋអាមេរិក និងសន្ទស្សន៍តម្លៃអ្នកផលិត (PPI) ដែលគ្រោងចេញផ្សាយនៅថ្ងៃពុធនេះ ដែលអាចផ្តល់សញ្ញាបន្ថែមទៀតលើទស្សនវិស័យគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក (Fed)។

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុនអាមេរិក MSCI នៅខាងក្រៅប្រទេសជប៉ុនបានងើបឡើងថ្លៃ១,៩ភាគរយនៅក្នុងការជួញដូរដំបូងនៅថ្ងៃពុធនេះ។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ១,៨ភាគរយ។ ពេញមួយយប់ គេក៏សង្កេតឃើញ ផ្សារហ៊ុនអាមេរិក Nasdaq បានងើបឡើង២,៤ភាគរយផងដែរ

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុង បានងើបឡើងថ្លៃ២,៨១ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវCSI 300 របស់ប្រទេសចិនបានងើបឡើងថ្លៃ០,៩៤ភាគរយ។

ទន្ទឹមគ្នានេះ មូលបត្របំណុលបានហក់ឡើងថ្លៃ ខណៈដែលប្រាក់ដុល្លារអាមេរិកបានធ្លាក់ថ្លៃចុះច្រើនជាង១,៦ភាគរយបើធៀបនឹងរូបិយប័ណ្ណប្រាក់អឺរ៉ូ។

ផលប័ត្ររតនាគារអាមេរិករយៈពេល១០ឆ្នាំបានធ្លាក់ចុះ១៩ពិន្ទុមូលដ្ឋាន (bps) ពេញមួយយប់ ហើយបានឈានដល់កម្រិតទាបបំផុតក្នុងរយៈពេលជិត២ខែ ពោលគឺ៤,៤៣ភាគរយនៅតំបន់អាស៊ី ។

តម្លៃប្រេងបានកើនឡើងនៅក្នុងការជួញដូរនៅតំបន់អាស៊ី ក្នុងព្រឹកថ្ងៃពុធនេះ ដែលបានបណ្តាលមកពីភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា និងការធ្លាក់ថ្លៃចុះនៃប្រាក់ដុល្លារអាមេរិក។

ជាក់ស្តែង តម្លៃប្រេងឆៅ Brent futures បានកើនឡើង៨សេនដល់៨២,៥៥ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0013 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate (WTI) បានកើនឡើង២សេនដល់៧៨,២៨ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here