កម្ពុជាប្រកាសអនុវត្តន៍កម្មវិធីផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈឥតគិតថ្លៃ ដល់យុវជនក្រីក្រ និងងាយរងគ្រោះចំនួន១,៥លាននាក់

ដោយ: គង់ លាងហួរ

ភ្នំពេញ: នៅថ្ងៃ​អង្គារនេះ កម្ពុជា​​បាន​ប្រកាសអនុវត្តកម្មវិធី​មួយ​ ដើម្បី​ផ្តល់​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ និង​បច្ចេកទេស​ដោយ​ឥតគិតថ្លៃ​ដល់​យុវជន​ប្រមាណ១,៥លាន​នាក់​ ដែលមកពី​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​នៅ​ទូទាំងប្រទេស​។

ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តន៍កម្មវិធីជាផ្លូវការ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា កម្មវិធីនេះមានគោលបំណង បំពាក់ឱ្យយុវជននូវជំនាញបច្ចេកទេស ដើម្បីឱ្យពួកគេអាចទទួលបានការងារ និងប្រាក់ចំណូលកាន់តែប្រសើរនាពេល​អនាគត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចបានមានប្រសាសន៍បន្តថា “យុវជនក្រីក្រ និងងាយរងគ្រោះ មិនត្រឹមតែទទួលបានការបណ្តុះបណ្តាល ដោយឥតគិតថ្លៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានប្រាក់ឧបត្ថម្ភ ប្រចាំខែចំនួន២៨០.០០០រៀល (ប្រហែល៧០ដុល្លារ)ផងដែរ”។

ជាក់ស្តែង យុវជន​នឹង​អាច​សិក្សា​ នៅ​តាមសាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​បច្ចេកទេស​ក្នុង​ប្រទេស​ លើ​ជំនាញ​ចំនួន៣៨ ក្នុង​វិស័យ​អាទិភាព​ចំនួន១០ដូចជា សំណង់ អគ្គិសនី និងថាមពល អេឡិចត្រូនិក ម៉ាស៊ីនត្រជាក់ និងកំដៅ ការផលិត មេកានិចទូទៅ និងមេកានិចរថយន្ត ទេសចរណ៍ សេវាកម្ម កសិកម្ម និងកសិឧស្សាហកម្ម ព្រមទាំងអាជីវកម្ម និងបច្ចេកវិទ្យាព័ត៌មាន។

សម្តេចបាន​បន្ថែមថា​ “យើង​មាន​ទំនុក​ចិត្ត​ថា​ កម្មវិធី​នេះ​នឹង​រួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ​របស់​ប្រទេសកម្ពុជាមក​នៅ​ក្រោមកម្រិត១០ភាគរយ​”។

យោងតាមរបាយការណ៍របស់កម្មវិធី អភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានឱ្យដឹងថា អត្រានៃភាពក្រីក្រនៅក្នុងប្រទេសកម្ពុជាមានចំនួន១៦,៦ភាគរយ ក្នុងឆ្នាំ២០២២ ដោយធ្លាក់ចុះពី៣៦,៧ភាគរយកាលពីឆ្នាំ២០១៤៕Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here