សម្តេចធិបតី បង្កើតក្រុមការងារសេដ្ឋកិច្ច និងសង្គមឌីជីថល ទូរគមនាគមន៍ ដើម្បីដោះស្រាយបញ្ហា និងអភិវឌ្ឍន៍វិស័យជាអាទិភាព

        ដោយៈ ហ្វីអូណា

        ភ្នំពេញៈ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឯកភាព ដល់ការបង្កើតក្រុមការងារតាមវិស័យមួយទៀត គឺក្រុមការងា​រសេដ្ឋកិច្ច និងសង្គមឌីជីថល ដែលធ្វើឲ្យក្រុមការងារតាមវិស័យ នៅតាមយន្តការវេទិការាជរដ្ឋាភិបាល -ផ្នែកឯកជន មានចំនួនសរុប១៥។

ការឯកភាពរបស់សម្តេចធិបតី បានធ្វើឡើងពេលសម្តេចអញ្ជើ​ញជាអធិបតី ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែក ឯកជន លើកទី១៩ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “ខ្ញុំសូមផ្តល់ការឯកភាពជាគោលការណ៍ ដល់ការបង្កើតក្រុមការងារ តាមវិស័យ១បន្ថែមទៀត តាមការស្នើសុំរបស់វិស័យឯកជន គឺក្រុមការងារសេដ្ឋកិច្ច និងសង្គមឌីជីថល ទូរគមនាគមន៍ ដើម្បីជាអាទិភាពដាច់ដោយឡែកមួយ ក្នុងការស្តាប់ ហើយជួយគ្នាដោះស្រាយបញ្ហា និងអភិវឌ្ឍន៍វិស័យជាអាទិភាពនេះ”។ សម្តេចបន្តថា “ដូច្នេះក្រុមការងារតាមវិស័យ នៅតាមយន្តការវេទិការាជរដ្ឋភិបាល-ផ្នែកឯកជន នឹងមានចំនួនសរុប១៥”។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំ ក្រុមការងារតាមវិស័យទាំង១៥ ត្រូវសហការយ៉ាងជិតស្និតជាមួយវិស័យឯកជន ដោយរៀបចំកិច្ចប្រជុំឲ្យបានទៀងទាត់ ខិតខំដោះស្រាយបញ្ហាឲ្យអស់ប្រចាំថ្ងៃ នៅក្នុងវិស័យឯកជន ដោយមិនត្រូវរង់ចាំការរៀបចំវេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជនឡើយ។

ទន្ទឹមនេះ ដោយក្រុមការងារសេដ្ឋកិច្ច និងសង្គមឌីជីថល ទើបតែត្រូវបង្កើតឡើង សម្តេចបានស្នើសុំរៀបចំ សមាសភាពឲ្យបានឆាប់ ដើម្បីចាប់ផ្តើមប្រជុំ ដើម្បីស្តាប់ និងដោះស្រាយបញ្ហាប្រឈមជូនវិស័យឯកជន។

ជាមួយគ្នានេះដែរ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា ចំពោះកិច្ចប្រជុំ នៃវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជន ក្នុងរយៈពេលតទៅទៀត ដោយរំពឹងថា ក្រុមការងារទាំង១៥ នឹងបំពេញការងាររបស់ខ្លួន ប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយគណៈកម្មការគោលនយោបាយ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដើរតួនាទីជាយន្តការសម្របសម្រួល រកដំណោះស្រាយលើបញ្ហា ដែលមានលក្ខណៈចរិតអន្តរស្ថាប័ន អន្តរវិស័យបានមួយកម្រិតធំទៀត។

បន្ថែមលើនេះ ដោយគោរពតាមស្មារតីនៃការសម្រេច នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៨ កន្លងទៅផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើថា អាចរៀបវេទិកានេះ យ៉ាងហោចណាស់ ២លើក ឲ្យបានក្នុងអាណត្តិនីមួយៗ របស់រាជរដ្ឋាភិបាល ពោលគឺនៅដើមអាណត្តិ១លើក និងពាក់កណ្តាលអាណត្តិ១លើក។ ប៉ុន្តែវេទិកានេះ ក៏អាចរៀបចំតាមការបត់បែនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here