សម្តេចធិបតីៈ រដ្ឋាភិបាលមិនអាចបញ្ចុះតម្លៃ ពន្ធនាំចូលរថយន្តដឹកទំនិញ និងលើកលែងកម្រៃទិដ្ឋាការភ្ញៀវទេសចរ ព្រោះជាប្រភពចំណូលថវិកាជាតិ

ដោយៈ ម៉ាលីនណា

        ភ្នំពេញៈ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមិនទាន់អាចមានលទ្ធភាព បញ្ចុះតម្លៃពន្ធនាំចូលរថយន្តដឹកទំនិញ និងការលើកលែងកម្រៃទិដ្ឋាការ សម្រាប់ការចូលមករបស់ភ្ញៀវទេសចរបរទេសនោះទេ ដោយសារតែជាប្រភពចំណូលដ៏សំខាន់សម្រាប់ថវិកាជាតិ។

ការថ្លែងយ៉ាងដូច្នេះរបស់សម្តេចនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីនៃវេទិកា “រាជរដ្ឋាភិបាល -ផ្នែកឯកជន” លើកទី១៩ នាវិមានសន្តិភាព ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

សម្តេចបានថ្លែងបញ្ជាក់ថា “ការស្នើសុំបញ្ចុះពន្ធ និងអាករលើរថយន្តដឹកជញ្ជូន, រាជរដ្ឋាភិបាលមិនទាន់អាច មានលទ្ធភាពបញ្ចុះបន្ថែមនាពេលនេះទេ ដោយសារចំណូលពីពន្ធ និងអាករលើរថយន្ត គឺជាប្រភពចំណូលមួយដ៏សំខាន់របស់រាជរដ្ឋាភិបាល”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចបន្តថា រាជរដ្ឋាភិបាលបានបញ្ចុះអាករពិសេស ម្តងរួចទៅហើយ តាមរយៈអនុក្រឹត្យលេខ ១៨ អនក្រ.បក ចុះថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១, ក្នុងនោះ៖ (១). ពីអត្រា ៤០% មក ២៥% លើមុខទំនិញរថយន្តសណ្តោង និងរ៉ឺម៉កគ្រប់ប្រភេទ (រថយន្តដឹកកុងតែន័រ); (២). ពីអត្រា៤០% មក៣០% លើមុខទំនិញរថយន្តដឹកទំនិញ ដែលមានទម្ងន់សរុប (GVW) លើសពី៥តោន និង (៣). ពីអត្រា ៤០% មក ៣០% លើមុខទំនិញរថយន្តបែន រថយន្តស្ទូច និងរថយន្តឯកទេសផ្សេងទៀត។

ទន្ទឹមនេះដែរ, អត្រាពន្ធនាំចូលលើរថយន្តដឹកជញ្ជូនជាទូទៅ គឺ១៥%ប៉ុណ្ណោះ ប៉ុន្តែអត្រានេះមានកម្រិត០% ប្រសិនបើរថយន្តដឹកជញ្ជូន ត្រូវបាននាំចូលពីប្រទេសដៃគូ ដែលមានកិច្ចព្រមព្រៀងពាណិ​ជ្ជកម្មសេរីជាមួយកម្ពុជា។

សម្តេចបានថ្លែងទៀតថា ចំពោះការស្នើឱ្យពិនិត្យពិចារណាលើប្រព័ន្ធទិដ្ឋាការ ដែលមានភាពបត់បែន និងទាក់ទាញសម្រាប់ទីផ្សារអាទិភាព។ សំណូមពរនេះ មិនមែនជាដំណោះស្រាយ ដែលឆ្លើយតបចំបញ្ហានោះទេ ព្រោះថាកម្ពុជាបាន និងកំពុងផ្តល់នូវកិច្ចសម្រួលច្រើនរួចទៅហើយ តាមរយៈការផ្តល់ទិដ្ឋាការពេលមកដល់ និងការផ្តល់ទិដ្ឋាការអេឡិចត្រូនិក ហើយបញ្ហាថ្លៃមិនមែនជារបាំងរារាំងភ្ញៀវទេស​​ចរមកកម្ពុជានោះឡើយ។

សម្តេចបានបញ្ជាក់ថា “សម្រាប់ប្រទេសកម្ពុជា ចំណូលពីទិដ្ឋាកា​រគឺជាប្រភពចំណូលចម្បងមួយ នៃចំណូលមិនមែនសារពើពន្ធ ក្នុងន័យនេះ ការដាក់ស្នើសុំដាក់ចេញ នូវគោលនយោបាយលើកលែងទិដ្ឋាការកម្រៃទិដ្ឋាការ គឺហាក់មិនទាន់ដល់ពេលវេលាសមស្រប សម្រាប់បរិបទកម្ពុជានោះទេ”។

សម្តេចពន្យល់ថា កម្ពុជាមិនទាន់មានប្រភពចំណូលផ្សេង មកប៉ះប៉ូវទំហំចំណូល ដែលខាតបង់ជាយថាហេតុ ពីគោលនយោបាយនេះ កិច្ចការដែលយើងត្រូវធ្វើនៅពេលនេះ គឺក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវខិតខំប្រឹងប្រែងកែលម្អ និងនីតិវិធីសម្រួល និងធ្វើឱ្យប្រសើរឡើង នូវសេវាសាធារណៈនេះ ដើម្បីឱ្យទេសចរមកកម្ពុជា មានភាពកក់ក្តៅ និងរីករាយទាំងពេលមុនមកដល់ ពេលមកដល់ ពេលស្នាក់នៅ និងពេលត្រឡប់ទៅវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here