តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃព្រមគ្នា នៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
សិង្ហបុរី: ផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃ នៅថ្ងៃអង្គារនេះ មុនពេលចេញផ្សាយតួលេខអតិផរណារបស់សហរដ្ឋអាមេរិក ដែលអាចមានឥទ្ធិពលយ៉ាងខ្លាំងដល់ទស្សនវិស័យគោលនយោបាយរបស់ធនាគារកណ្តាលអាមេរិក។

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន MSCI នៅខាងក្រៅប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៤៩ភាគរយ ខណៈផ្សារហ៊ុន Nikkei របស់ក្រុងតូក្យូបានងើបឡើងថ្លៃ០,៣៦ភាគរយ។

សន្ទស្សន៍ផ្សារហ៊ុន S&P/ASX 200 របស់ប្រទេសអូស្ត្រាលីបានងើបឡើងថ្លៃ០,៦១ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុង បានងើបឡើងថ្លៃ០,៥៧ភាគរយ។

ចំណែកឯ សន្ទស្សន៍ផ្សារហ៊ុនចិនដីគោក Blue-chip CSI 300 បានងើបឡើងថ្លៃ០,៤០ភាគរយ ហើយផ្សារហ៊ុន Shanghai Composite ក៏បានងើបឡើងថ្លៃផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផលប័ត្ររតនាគាររយៈពេល១០ឆ្នាំរបស់សហរដ្ឋអាមេរិក បានកើនឡើង២,២ពិន្ទុមូលដ្ឋាន ដល់៤,៦៥៤ភាគរយ បន្ទាប់ពីឈានដល់៤,៦៩៦%កាលពីថ្ងៃចន្ទ ដែលជាកម្រិតកំពូលបំផុតក្នុងរយៈពេល១សប្តាហ៍។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណអាមេរិកធៀបនឹងរូបិយប័ណ្ណគូប្រជែងធំៗចំនួនប្រាំមួយ បានងើបឡើងថ្លៃ០,០៥៧ភាគរយ មកនៅត្រឹម១០៥,៦៩ពិន្ទុ។

ទន្ទឹមគ្នានេះ ប្រាក់យ៉េនរបស់ជប៉ុនត្រូវបានជួញដូរ ក្នុងតម្លៃ១៥១,៧១យ៉េន ក្នុងមួយដុល្លារនៅថ្ងៃអង្គារនេះ បន្ទាបពីបានធ្លាក់ថ្លៃចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយឆ្នាំ គឺ១៥១,៩២យ៉េន ក្នុងមួយដុល្លារ កាលពីថ្ងៃចន្ទ។

តម្លៃ ប្រេង បាន ងើបឡើង ថ្លៃ បន្តិច នៅថ្ងៃអង្គារនេះ បន្ទាប់ ពី អង្គការ OPEC បាន អះអាងថា មូលដ្ឋាន គ្រឹះទីផ្សារ នៅ តែ មានភាពរឹង មាំ។ តួយ៉ាង តម្លៃប្រេងឆៅរបស់អាមេរិកបានកើនឡើង០,២៦ភាគរយដល់៧៨,៤៦ដុល្លារក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅ Brent ស្ថិតនៅទ្រឹង៕

LEAVE A REPLY

Please enter your comment!
Please enter your name here