តែម សុខុម
ហាណូយៈ សហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃអង្គារ សប្តាហ៍មុនថា ខ្លួនបានដាក់ប្រទេសវៀតណាម ចូលទៅក្នុង “បញ្ជីតាមឃ្លាំមើល” ទាក់ទិនគោលនយោបាយអត្រាប្ដូរប្រាក់ ខណៈដកប្រទេសស្វីស និងកូរ៉េខាងត្បូង ចេញពីបញ្ជីខ្មៅនេះ។
យោងតាមពីភ្នាក់ងារព័ត៌មាន AFP ឱ្យដឹងថា ក្រសួងរតនាគារអាមេរិក តាមរយៈរបាយការណ៍ប្រចាំឆមាសផ្ញើជូនរដ្ឋសភា ក៏បានអំពាវនាវឱ្យមានតម្លាភាពល្អប្រសើរជាងនេះពីសំណាក់ប្រទេសចិន ផងដែរ។
របាយការណ៍នេះលើកឡើងពីប្រទេសនានាដែលមានអតិរេកពាណិជ្ជកម្មធំៗ និងដែលធ្វើអន្តរាគមន៍យ៉ាងសកម្មនៅក្នុងទីផ្សារប្ដូរប្រាក់ដើម្បីកេងចំណេញផ្នែកពាណិជ្ជកម្មដោយភាពមិនត្រឹមត្រូវ។ នេះបើយោងតាមសារព័ត៌មាន VN Express ចុះសាយកាលពីថ្ងៃសៅរ៍ ទី១១មខែវិច្ឆិកា។
លោកស្រី Janet Yellen រដ្ឋមន្ត្រីរតនាគារអាមេរិក បានចេញសេចក្ដីថ្លែងការណ៍ថា “ការអន្តរាគមន៍លើអត្រាប្ដូរប្រាក់ភាគច្រើនពីសំណាក់បណ្ដាដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ក្នុងរយៈពេលនៃការធ្វើរបាយការណ៍នេះ គឺធ្វើឡើងក្នុងទម្រង់លក់ចេញប្រាក់ដុល្លារ ដើម្បីលើកកម្ពស់តម្លៃនៃរូបិយប័ណ្ណរបស់ពួកគេ”៊
លោកស្រីបានបន្ថែមថា ទស្សនវិស័យសេដ្ឋកិច្ចពិភពលោកប្រឈម “ភាពមិនប្រាកដប្រជាកាន់តែខ្លាំងឡើងទាក់ទិននឹងសង្គ្រាមរបស់រុស្ស៊ី ប្រឆាំងអ៊ុយក្រែន ភាពតានតឹងផ្នែកនយោបាយនៅតំបន់មជ្ឈិមបូព៌ា អតិផរណាដែលនៅតែហក់ឡើងខ្ពស់ និងលទ្ធភាពដែលវិស័យអចលនទ្រព្យរបស់ប្រទេសចិន ធ្លាក់ចុះកាន់តែជ្រៅ”។
របាយការណ៍ចុងក្រោយរបស់ក្រសួងរតនាគារអាមេរិក នេះបានដាក់បញ្ចូលប្រទេសចំនួន៦ទៅក្នុង “បញ្ជីតាមឃ្លាំមើល” របស់ខ្លួនរួមមានប្រទេសចិន អាល្លឺម៉ង់ ម៉ាឡេស៊ី សិង្ហបុរី តៃវ៉ាន់ និងវៀតណាម៕ VN Express ៕