តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ នៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ នៅថ្ងៃច័ន្ទនេះ ខណៈដែលអ្នកវិនិយោគកំពុងទន្ទឹងរង់ចាំទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិក បន្ទាប់ពីការអត្ថាធិប្បាយរបស់ប្រធានធនាគារកណ្តាលអាមេរិក លោក Jerome Powell បានជំរុញឱ្យតម្លៃហាងឆេងមាសធ្លាក់ថ្លៃចុះកាលពីសប្តាហ៍មុន។

ជាក់ស្តែង លោក Jerome Powell បានថ្លែងថា លោកគ្រោងនឹងបើកទ្វារចំហ សម្រាប់ការដំឡើងអត្រាការប្រាក់បន្ថែមទៀត នាពេលខាងមុខ ដើម្បីប្រយុទ្ធប្រឆាំងនឹងអតិផរណា។ នេះមានន័យថា កាលណាអត្រាការប្រាក់កើនឡើង នោះតម្លៃមាសនឹងធ្លាក់ចុះ។

តម្លៃមាស Spot Gold បានងើបឡើង០,១%ដល់១៩៣៩,១៩ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោងសកល 0102 GMT បន្ទាប់ពីបានធ្លាក់ចុះដល់កម្រិតទាបបំផុតកាលពីថ្ងៃសុក្រសប្តាហ៍មុន។

ចំណែកឯ តម្លៃមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៣% ដល់១៩៤៣,៤០ដុល្លារក្នុងមួយអោន នៅថ្ងៃច័ន្ទនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងសប្តាហ៍នេះ អ្នកវិនិយោគនឹងផ្តោតមើលលើទិន្នន័យសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) របស់សហរដ្ឋអាមេរិកដែលគ្រោងចេញផ្សាយនៅថ្ងៃអង្គារ ខណៈទិន្នន័យនេះអាចមានឥទ្ធិពលលើទស្សនវិស័យអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក(Fed)។

ក្រុមហ៊ុន SPDR Gold Trust ដែលជាមូលនិធិជួញដូរមាសដ៏ធំបំផុតរបស់ពិភពលោកបានរាយការណ៍ថា ការកាន់កាប់មាសរបស់ខ្លួនបានកើនឡើង០,១០% ដល់៨៦៨,១៤តោនកាលពីថ្ងៃសុក្រ បើធៀបនឹង៨៦៧,២៨តោនកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៣% ដល់២២,៦៨ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនស្ថិតនៅទ្រឹងត្រឹម៨៥៩,៦៦ដុល្លារក្នុងមួយអោន ចំណែក តម្លៃPalladium បានងើបឡើង០,៨% ដល់៩៩៩,៧១ដុល្លារ ក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here