ដោយ: គង់ លាងហួរ
ភ្នំពេញ: លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា (NBC) បានមានប្រសាសន៍ឱ្យដឹងនៅថ្ងៃសុក្រនេះថា ការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកនៅកម្ពុជាបានកើនឡើងយ៉ាងគំហុកក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ។
លោកស្រី ជា សិរី បានថ្លែងសុន្ទរកថា ក្នុងសិក្ខាសាលាផ្សព្វផ្សាយសៀវភៅស្តីពី “ដុល្លារូបនីយកម្មនៅកម្ពុជា”ថា ធនាគារជាតិនៃកម្ពុជាបានអនុវត្តវិធានការគោលនយោបាយផ្សេងៗ ដើម្បីលើកកម្ពស់ប្រាក់រៀលចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០មកម្ល៉េះ ជាមួយនឹងគោលដៅធ្វើបដិដុល្លារូបនីយកម្មក្នុងសេដ្ឋកិច្ច ដោយផ្អែកលើយន្តការទីផ្សារ។
លោកស្រីបានបន្តថាជាលទ្ធផលតម្រូវការរូបិយប័ណ្ណប្រាក់រៀលបានកើនឡើងជាលំដាប់។លោកស្រីបានបញ្ជាក់ថា “បរិមាណប្រាក់រៀលក្នុងចរាចរបានកើនឡើងពី០,៨៥ពាន់ពាន់លានរៀល (ប្រហែល២១១លានដុល្លារអាមេរិក) កាលពី២០ឆ្នាំមុន ដល់១៤,៥ពាន់ពាន់លានរៀល (ប្រហែល៣,៥១ពាន់លានដុល្លារ) នៅថ្ងៃនេះ”។
លោកស្រីបានមានប្រសាសន៍ឱ្យដឹងទៀតថា ការប្រើប្រាស់ប្រាក់រៀលបានកើនឡើងជាបណ្តើរៗទាក់ទងនឹងប្រាក់បញ្ញើ ឥណទាន និងប្រតិបត្តិការទូទាត់នៅកម្ពុជា។
លោកស្រី ជា សិរី បានអះអាងថា “គោលនយោបាយរក្សាស្ថិរភាពតម្លៃប្រាក់រៀល រួមជាមួយនឹងសុខសន្តិភាព និងស្ថិរភាពនយោបាយ បានបង្កើនទំនុកចិត្ត និងការជឿជាក់លើប្រាក់រៀល”។
លោកស្រីបានលើកឡើងថា “ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គួបផ្សំនឹងការប្តេជ្ញាចិត្តគោលនយោបាយដ៏រឹងមាំ បានបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំមួយ ដើម្បីទទួលបានទំនុកចិត្តសាធារណៈឡើងវិញចំពោះរូបិយប័ណ្ណក្នុងស្រុកនៅក្នុងសេដ្ឋកិច្ចជាតិ”។
ប្រាក់ដុល្លារអាមេរិកបានហូរចូលក្នុងចរន្តសេដ្ឋកិច្ចកម្ពុជា តាមរយៈអន្តរាគមន៍របស់អាជ្ញាធរអន្តរកាលអង្គការសហប្រជាជាតិនៅកម្ពុជា (ហៅកាត់ថា អ៊ុនតាក់) ក្នុងប្រតិបត្តិការសន្តិភាពនៅឆ្នាំ១៩៩៣ ដែល អ៊ុនតាក់បានចំណាយប្រាក់ចំនួន១,៧ពាន់លានដុល្លារអាមេរិក ពោលគឺស្មើនឹងប្រមាណ៧៥ភាគរយនៃGDP របស់កម្ពុជានៅពេលនោះ៕