តើផ្លូវក្រវ៉ាត់ក្រុងទី៤មានសារៈសំខាន់បែបណាក្នុងការតភ្ជាប់ទៅកាន់បណ្តាខេត្តដ៏មានសក្តានុពលនានា

ដោយៈ ជេស៊ីកា

        កណ្តាលៈ ការសម្ភោធដាក់ឲ្យដំណើរការ កំណាត់ផ្លូវក្រវ៉ាត់ក្រុងទី៣ និងការបង្ហាញពីផែនការអភិវឌ្ឍន៍ផ្លូវក្រវ៉ាត់ក្រុងនេះ នៅភាគខាងកើតប្រវែង៣៣គីឡូម៉ែត្រ ដែលបានបញ្ចប់ការសិក្សាដោយក្រុមហ៊ុនស្ពានថ្នល់ ប្រទេសចិន បាននិងកំពុងបង្ហាញនូវសក្តានុពលនៃការរីកចម្រើនហេដ្ឋារចនាសសម្ព័ន្ឋ និងអចលនទ្រព្យនៅតំបន់នេះ។

នៅពេលនិយាយពីកំណាត់ផ្លូវក្រវ៉ាត់ក្រុងទី៣ គេក៏មិនភ្លេចពីកា​រសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៤ នាពេលអនាគតឆាប់ៗនេះផងដែរ ដែលផ្លូវនេះ នឹងដើរតួនាទីកាន់តែសំខាន់បន្ថែមទៀត ដល់ការរីកចម្រើននៅតំបន់អមសងខាងផ្លូវនេះ ស្របពេលក្រុមហ៊ុនCRBCបានបញ្ចប់ការសិក្សាផ្លូវនេះរួចហើយ។

អ្នកជំនាញសារធារណៈការ និងដឹកជញ្ជូនបានលើកឡើងក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា ការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៤នាពេលអនាគត ជាផ្នែកមួយនៃការដឹកជញ្ជូនផង ការធ្វើសមាហរណកម្មតំបន់ជាយក្រុង ខិតកាន់តែជិតមកកាន់ទីក្រុង ពិសេសផ្លូវនេះនឹងដើរតួនាទីកាន់តែសំខាន់ ក្នុងការតភក្ជាប់ហេដ្ឋារចនាសម្ព័ន្ឋដឹកជញ្ជូនមកកាន់ព្រលានយន្តហោះ តេជោក្រុងតាខ្មៅ និងការតភ្ជាប់ពីភាគពាយ័ព្យប្រទេស មកកាន់តំបន់ភូមិភាគកណ្តាល មានខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តព្រៃវែងផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “វាជាផ្លូវយុទ្ឋសាស្រ្ត ដែលតភ្ជាប់ពីភាគខាងលិច ផ្លូវជាតិលេខ២ លេខ៣ លេខ៤ តភ្ជាប់មកកាន់ផ្លូវជាតិលេខ១ និងសម្រួលឲ្យមានលំហូរទំនិញ តភ្ជាប់ជាមួយតំបន់អាស៊ាន ដែលនៅជិតខាងកម្ពុជាផងដែរ”។

មានចម្ងាយត្រឹមប្រមាណ៣០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ គំរោងផ្លូវក្រវ៉ាត់ក្រុងទី៤ ប្រវែងជាង១៩៥គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាល កំពង់ស្ពឺតាកែវ ព្រៃវែង គំរោងផ្លូវនេះត្រូវបានដាក់ឲ្យសិក្សាដោយដ្ឋាភិបាលហើយ និងបានបញ្ចប់រួចរាល់ផងដែរ។

មន្ត្រីជាន់ខ្ពស់របស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងថា  ផ្លូវខ្សែក្រវាត់ក្រុងទី៤ ដែលក្រសួងបានឱ្យក្រុមហ៊ុនសាជីវកម្មស្ពាន ថ្នល់ចិន បានសិក្សាចប់សព្វគ្រប់តាំងពីឆ្នាំ២០២០ ដោយផ្លូវនេះមានប្រវែង១៩៥គីឡូម៉ែត្រ និងឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកំពង់ស្ពី តាកែវ កណ្តាល និងខេត្តព្រៃវែង។

រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកលីម ស៊ីដេនីន ធ្លាប់បានបញ្ជាក់នៅក្នុងសិក្ខាសាលា ពិគ្រោះយោបល់ស្តីពីការជ្រើសរើសផ្លូវក្រវាត់ក្រុងទី៤ ការគ្រប់គ្រង និងការទប់ស្កាត់ការទន្ទ្រានដីចំណីផ្លូវតម្រូវការហេដ្ឋានរចនា សម្ព័ន្ធ នៃប្រព័ន្ធចម្រោះទឹកកខ្វក់ថា ក្នុងចំណោមខេត្តទាំង៤នេះ ដោយឆ្លតកាត់ខេត្តកំពង់ស្ពី ចំនួន៣ស្រុក ខេត្តតាកែវចំនួន១ស្រុក ខេត្តកណ្តាល៨ស្រុក និងខេត្តព្រៃវែង២ស្រុក។

ជាមួយនឹងការផ្តល់ហិរញ្ញប្បទាន សម្បទានពីរដ្ឋាភិបាលចិនក្នុងទំហំទឹកប្រាក់៣៣៤០លានដុល្លារ ដែលបានប្រកាសដោយលោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍ​ន៍កម្ពុជាកាលពីថ្ងៃទី៧ វិច្ឆិកាកន្លងមក ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៤ (ផ្លូវពង្រាង) កំពុងដាក់ក្តីសង្ឃឹមថា ផ្លូវក្រវ៉ាត់ក្រុងទី៤ នឹងសាងសង់នាពេលឆាប់ៗខាងមុខនេះ។

ការសាងសង់ផ្លូវនេះ នឹងជួយលើកកំពស់សេដ្ឋកិច្ច និងជីវភាព​ប្រជាពលរដ្ឋនៅក្នុងតំបន់ជាច្រើន រួមមាន ទី១ ជួយសម្រួលលំហូរ និងកាត់បន្ថយការកកស្ទះចរាចរណ៍ ទី២ ជួយលើកកំពស់សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការឡើងថ្លៃដីធ្លី និងអចលនទ្រព្យក្នុងតំបន់ ទី៣ ទាក់ទាញការវិនិយោគពីអ្នកវិនិយោគជាតិ អន្តរជាតិ ខណៈបច្ចុប្បន្នមានអ្នកអភិវឌ្ឍន៍មួយចំនួន បានសាងសង់ផ្ទះលំហែរ និងរីហ្សតនៅតំបន់នេះបណ្តើរៗរួចហើយ។

ទី៤ ជាការចំណេញដល់គោលនយោ​បាយ របស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងទីក្រុង និងតំបន់ជនបទ និងទី៥ ជាការចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ។

ការអភិវឌ្ឈន៍តំបន់ក្រវ៉ាត់ក្រុង ត្រូវបានអ្នកជំនាញអចលនទ្រព្យ​មើលឃើញថា វាកំពុងផ្តល់នូវការលើកកំពស់ ការរីកចម្រើននៅតំបន់ ជុំវិញនោះ ហើយការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល ជាការចូលរួមចំណែកមួយផ្នែ​ក ក្នុងការអភិវឌ្ឍវិស័យសំណង់ និងអច​លនទ្រព្យផងដែរ។

អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុនPropNex Cambodiaបានមានប្រសាសន៍ថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានគាំទ្រដល់វិស័យអចលនទ្រព្យយ៉ាងច្រើន ជាក់ស្តែងតំបន់ភាគខាងត្បូងរាជធានី ពិសេសនៅតំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣ និងទី៤ បាននិងកំពុងមានសកម្មភាពទិញ លក់ជាប្រចាំផងដែរ ប៉ុន្តែមិនទាន់មានសភាពពុះកញ្រ្ជោល ដូចមុនវិបត្តិនៅឡើយទេ។

អ្នកស្រីបន្តថា “ដោយសារជាតំបន់មានផ្ទៃដីនៅធំទូលាយ តម្លៃដីធ្លីមិនទាន់មានសញ្ញាកើនឡើងនៅឡើយទេ ប៉ុន្តែអ្វីៗនឹងប្រសើរឡើងនាពេលអនាគត”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here