ប្រទេសឥណ្ឌូនេស៊ីបើកសម្ពោធកសិដ្ឋានថាមពលពន្លឺព្រះអាទិត្យបណ្តែតទឹកធំបំផុតទី៣នៅលើពិភពលោក

ដោយ: គង់ លាងហួរ

ហ្សាការតា: ប្រទេសឥណ្ឌូនេស៊ី ​​បាន​បើកសម្ពោធ​កសិដ្ឋាន​ថាមពល​ពន្លឺព្រះអាទិត្យ ​បណ្តែត​ទឹក​តម្លៃ១០០លាន​ដុល្លារ ដែល​ជា​កសិដ្ឋាន​ធំ​បំផុត​នៅ​តំបន់អាស៊ីអាគ្នេយ៍ ខណៈ​ប្រទេស​នេះ​កំពុងងាក​ទៅរក​ប្រភពថាមពលបៃតង​ក​កើត​ឡើង​វិញ​។​

កសិដ្ឋាន​ថាមពល​ពន្លឺព្រះអាទិត្យ ​បណ្តែត​ទឹក​ស៊ីរ៉ា​តា (Cirata) ដែល​អាចផលិត​អគ្គិសនី​គ្រប់គ្រាន់​ សម្រាប់​ផ្តល់​ថាមពល​ដល់​គ្រួសារ​ចំនួន៥០.០០០ ត្រូវបាន​សាងសង់​នៅលើ​អាង​ស្តុក​ទឹក​ទំហំ២០០ ហិកតា​ នៅ​ក្នុងខេត្ត​ជ្វា​ខាងលិច​ ដែលស្ថិតនៅ​ចម្ងាយ​ប្រហែល១៣០គីឡូម៉ែត្រ​ពី​រដ្ឋធា​នីហ្សាការ​តា​។​

​ប្រធានាធិបតីឥណ្ឌូនេស៊ី លោកJoko Widodo បាន​ថ្លែងសន្ទរកថា​ក្នុងពិធី​សម្ភោ​ធ​នោះ​ថា “​ថ្ងៃនេះ​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​មួយ ខណៈក្តី​សុបិនដ៏​ធំ​របស់​យើង ​ក្នុង​ការសាង​សង់រោងចក្រ​ថាមពល​ កកើត​ឡើងវិញ​ទ្រង់ទ្រាយ​ធំ​ នៅទីបំផុត​គឺ​សម្រេចបាន​ហើយ​”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បាន​បន្តថា “​ពេលនេះ យើង​អាច​សាងសង់​កសិដ្ឋាន​ថាមពល​ពន្លឺព្រះអាទិត្យ ​បណ្តែត​ទឹក​ដ៏ធំ​បំផុត​ទី១ នៅ​តំបន់អាស៊ី​អាគ្នេយ៍​ និង​ធំជាងគេ​បំផុតទី​៣ នៅលើពិភពលោក​ប្រកបដោយជោគ​ជ័យ”។

គម្រោង​នេះ​គឺជា​កិច្ចសហប្រតិបត្តិការ​ រវាង​ក្រុមហ៊ុន​អគ្គិសនី​ជាតិ​របស់​ឥណ្ឌូនេស៊ី Perusahaan Listrik Negara និង​ក្រុមហ៊ុន​ថាមពល​កកើត​ឡើងវិញ Masdar ដែលមានមូលដ្ឋាននៅរាជធានីអាប៊ូដាប៊ី (Abu Dhabi) នៃប្រទេសសហភាពអារ៉ាប់រួម។

គម្រោងខ្នាតយក្សមួយនេះ នឹង​ចំណាយ​រយៈពេល​៣ឆ្នាំ​ ដើម្បី​បញ្ចប់​ការសាងសង់រួចជាស្ថាពរ និង​ចំណាយ​ថវិកាអស់​ប្រហែល១០០លាន​ដុល្លារ​។​

គម្រោង​កសិដ្ឋាន​ថាមពល ពន្លឺព្រះអាទិត្យមួយនេះ ទទួល​បានមូលនិធិ​ ពី​ក្រុមហ៊ុន Sumitomo Mitsui Banking Corporation ក្រុមហ៊ុន Societe Generale និង​ក្រុមហ៊ុន Standard Chartered ហើយកសិដ្ឋាន មាន​បន្ទះ​ស្រូប​ពន្លឺព្រះអាទិត្យ​ ចំនួន៣៤០.០០០​បន្ទះ។​

ជាមួយគ្នានេះ ​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី ​បាន​ប្រកាសប្តេជ្ញាចិត្តថា​ ខ្លួន​នឹង​ខិតខំព្យាយាម​ សម្រេច​ឱ្យបាន​នូវ​គោលដៅ នៃការបំភាយឧស្ម័នផ្ទះកញ្ចក់សូន្យ (Net-Zero emission) នៅត្រឹម​ឆ្នាំ២០៦០ខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here