ក្រុមហ៊ុនបរទេសធំៗចំនួន៥ ប្តេជ្ញាបោះទុនវិនិយោគ៩៤០លានដុល្លារក្នុងវិស័យបច្ចេកវិទ្យានៅប្រទេសកូរ៉េខាងត្បូង

ដោយ: គង់ លាងហួរ

ប៊ូសាន: ក្រសួងឧស្សាហកម្មកូរ៉េ បានប្រកាសឱ្យដឹងកាលពីថ្ងៃអង្គារថា ក្រុមហ៊ុនបរទេសចំនួន៥ មកពីសហរដ្ឋអាមេរិក ជប៉ុន បារាំង អេស្បាញ និងថៃបានឯកភាពបោះទុនវិនិយោគរួមគ្នា ចំនួន៩៤០លានដុល្លារ នៅក្នុងវិស័យបច្ចេកវិទ្យាទំនើប របស់ប្រទេសកូរ៉េខាងត្បូង។

ការសន្យាវិនិយោគទ្រង់ទ្រាយធំនេះ ត្រូវបានធ្វើឡើងនៅឯកិច្ចប្រជុំកំពូល Invest KOREA 2023 ដែលជាព្រឹត្តិការណ៍ជំរុញការវិនិយោគដ៏ធំបំផុតរបស់ប្រទេសកូរ៉េខាងត្បូង។

ក្រសួងបានអះអាងថា ការវិនិយោគទាំងនេះ ត្រូវបានគេរំពឹងថា នឹងរួមចំណែកដល់ការធ្វើឱ្យប្រសើរឡើង នូវការប្រកួតប្រជែងឧស្សា ហកម្មរបស់ប្រទេសកូរ៉េ និងជំរុញការបង្កើតការងារថ្មីៗសម្រាប់ប្រជាជន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តួយ៉ាង ក្រុមហ៊ុនថាមពលយក្ស B.Grimm Power របស់ប្រទេសថៃ និងក្រុមហ៊ុន Ocean Winds របស់អេស្ប៉ាញបានប្តេជ្ញាចិត្ត ក្នុងការសាងសង់កសិដ្ឋានថាមពលខ្យល់ ក្នុងប្រទេសកូរ៉េខាងត្បូង។

ក្រុមហ៊ុន Hines របស់សហរដ្ឋអាមេរិក គ្រោងនឹងសាងសង់រោងចក្របច្ចេកវិទ្យាកំព្យូទ័រ(Quantum computing facility) នៅទីក្រុងប៊ូសាន។

ក្រុមហ៊ុន Renault របស់ប្រទេសបារាំង ដែលផលិតរថយន្តនៅទីក្រុងប៊ូសាន បានសន្យាបំប្លែងខ្សែសង្វាក់ផលិតកម្ម សម្រាប់រថយន្តម៉ាស៊ីនចំហេះខាងក្នុងរបស់ខ្លួន ដើម្បីផលិតរថយន្តកូនកាត់។

ចំណែក ក្រុមហ៊ុន TOK Advanced Materials របស់ប្រទេសជប៉ុនកំពុងជំរុញឆ្ពោះទៅមុខ ជាមួយនឹងការសាងសង់រោងចក្រផលិតជ័រ photoresists ដែល​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ធ្វើ​ជា​ធាតុ​ផ្សំ​ ក្នុង​ការផលិត​បន្ទះ​សឺម៉ីកុងឌុចទ័រ។

នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Han Duck-soo បានថ្លែងថា ការវិនិយោគរបស់ក្រុមហ៊ុនបរទេសទាំងនេះ នឹងពន្លឿនការផ្លាស់ប្តូររចនាសម្ព័ន្ធឧស្សាហកម្មរបស់យើង ដែលមិនប៉ះពាល់ដល់បរិស្ថាន និងអនុញ្ញាតឱ្យវិស័យឧស្សាហកម្ម បច្ចេកវិទ្យាជាន់ខ្ពស់របស់យើងរីកចម្រើនទៅមុខបន្ថែមទៀត។

លោក Han បានបន្ថែមថា “យើងនឹងលុបចោលបទប្បញ្ញត្តិណា ដែលជាឧបសគ្គរាំងស្ទះ ចំពោះការវិនិយោគ ហើយយើងក៏នឹងបង្កើនអត្ថប្រយោជន៍ផ្នែកពន្ធ និងការលើកទឹកចិត្ត សម្រាប់ការវិនិយោគផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here