រដ្ឋមន្ត្រីទេសចរណ៍ ជំរុញបញ្ចប់ការសាងសង់អគារសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍ក្នុងឆ្នាំ២០២៤

        ដោយៈ ហ្វីអូណា

        ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកសុខ សូកេនបានជំរុញឱ្យបញ្ចប់ការសាងសង់ អគារសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍ទាំង២ទីតាំង នៅរាជធានីភ្នំពេញ និងនៅខេត្តព្រះសីហនុ ឈានទៅដាក់ឱ្យដំណើរការជាផ្លូវការ នៅក្នុងឆមាសទី២ ឆ្នាំ២០២៤ខាងមុខ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការជំរុញនេះធ្វើឡើងក្នុងឱកាស លោករដ្ឋមន្ត្រីធ្វើទស្សនកិច្ច និងត្រួតពិនិត្យការដ្ឋាន សាងសង់អគារសាលាវិជ្ជាជីវៈទេសចរណ៍នៅខេត្តព្រះសីហនុ នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយបានសំណេះសំណាលជាមួយបុគ្គលិក កម្មកររបស់ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សា ព្រមទាំងមន្ត្រីនៃមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ ដោយមានការចូលរួម ពីថ្នាក់ដឹកនាំនៃក្រសួងទេសចរណ៍ ក្រុមការងារអង្គភាពគ្រប់គ្រង គម្រោងសាងសង់សាលាវិជ្ជាជីវៈទេសចរ​ណ៍សរុបប្រមាណ២៥០នាក់។

លោករដ្ឋមន្ត្រីបានលើកឡើងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញគោលនយោបាយកសាងមូលធនមនុស្ស និងការគិតគូរកម្មវិធីសិក្សា ប្រកបដោយភាពច្នៃប្រឌិត និងភាពរស់រវើក ធានាឱ្យបានអ្នកបម្រើការងារក្នុងវិស័យទេស​ចរណ៍មានសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈ ដែលអាចសម្របខ្លួនបាន ទៅនឹងការប្រែប្រួលនាពេលអនាគត និងរក្សាបាននូវឧត្តមភាពប្រកួតប្រជែងខ្ពស់របស់កម្ពុជានៅក្នុងតំបន់ និងសកលលោក។

លោករដ្ឋមន្ត្រី បានជម្រាបជូនអង្គពិធីនូវគំនិត ផ្តួចផ្តើមយុទ្ធសាស្រ្ត “បង្កើន៥” និង “អភិវឌ្ឍ៣” (BUILD plus 3Ds) ផ្តោតលើការអភិវឌ្ឍធនធានមនុស្ស ដែលជាកត្តាស្នូលមួយ និងត្រូវការរៀបចំយន្តការអនុវត្តឱ្យបានល្អ ដើម្បីធានាប្រសិទ្ធភាពក្នុងការបណ្តុះបណ្តាល។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ ពីសារសំខាន់នៃសាលាវិជ្ជាជីវៈទេសចរណ៍ ទាំងនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដែលជាសមិទ្ធផលដ៏ចាំបាច់ថ្មីមួយបន្ថែមទៀត ក្នុងការបង្កើនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ដែលនឹងផ្តល់ឱកាសឱ្យសិស្ស និសិ្សត យុវជន អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ និងអ្នកដែលមកពីគ្រួសារខ្សត់ខ្សោយ និងងាយរងគ្រោះ អាចមានលទ្ធភាពទទួលបានការបណ្តុះបណ្តាលតាមស្តង់ដាជាតិ និងអាស៊ានឱ្យទទួលបានជំនាញពិតប្រាកដ ដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅ និងចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា ប្រកបដោយគុណភាព និរន្តរភាព និងបរិយាបន្ន។

វឌ្ឍនភាពនៃការសាងសង់អគារ សាលាវិជ្ជាជីវៈទេសចរណ៍ទាំង២ទីតាំងនេះ គឺនៅរាជធានីភ្នំពេញ សម្រេចបានប្រមាណ៥៨ភាគរយ ខណៈនៅខេត្តព្រះសីហនុ សម្រេចបានប្រមាណ៥០ភាគរយហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here