ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាម VinFast គ្រោងបោះទុនរាប់ពាន់លានដុល្លារសង់រោងចក្រនៅឥណ្ឌូនេស៊ី

ដោយៈ តែម សុខុម

ហ្សាការតាៈ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ដំបូងបង្អស់របស់វៀតណាម VinFast គ្រោងសាងសង់រោងចក្រមួយក្រោមទុនវិនិយោគ១,២ពាន់លានដុល្លារអាមេរិក នៅឥណ្ឌូនេស៊ី។

លោក Moeldoko ប្រធានខុទ្ទកាល័យប្រធានាធិបតីឥណ្ឌូនេស៊ី បានប្រាប់សន្និសីទសារព័ត៌មាន កាលពីថ្ងៃច័ន្ទ សប្ដាហ៍នេះថា ដំណើ​រការសាងសង់រោងចក្រនេះ នឹងចាប់ផ្ដើមឆាប់ៗតាមដែលអាចធ្វើទៅបាន។ នេះបើយោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយនៅថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា នេះ។

មន្ត្រីជាន់ខ្ពស់ខាងលើនិយាយថា VinFast គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន ផលិតរថយន្តអគ្គិសនីធំៗបំផុត នៅអាស៊ីអាគ្នេយ៍ ហើយរថយន្តរបស់ក្រុមហ៊ុននេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មន្ត្រីដដែលបន្ថែមទៀតថា ការវិនិយោគរបស់ក្រុមហ៊ុននេះ នៅឥណ្ឌូនេស៊ី អាចជួយបង្កើតប្រព័ន្ធអេកូឡូស៊ី រថយន្តអគ្គិសនីនៅក្នុងប្រទេសនេះ។

ប្រព័ន្ធផ្សព្វផ្សាយរបស់ឥណ្ឌូនេស៊ី បានចុះផ្សាយកាលពីដើមខែកញ្ញា ថា ថ្នាក់ដឹកនាំនៃក្រុមហ៊ុនផលិតរថយន្តអគ្គិសនី VinFast បានជួបពិភាក្សា ជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូនេស៊ី លោក Zulkifli Hasan ដែលបានសន្យាជួយសម្របសម្រួល ដល់ប្រតិបត្តិការរបស់ក្រុមហ៊ុននេះ។

អគ្គលេខាធិការនៃសមាគមឧស្សាហកម្ម ផលិតរថយន្តឥណ្ឌូនេស៊ី (Gaikindo) លោក Kukuh Kumara បានប្រាប់ពីភ្នាក់ងារព័ត៌មាន Antara News Agency របស់ឥណ្ឌូនេស៊ី កាលពីចុងខែតុលា ថា ក្រុមហ៊ុន VinFast បានជួបពិភាក្សា និងបានបង្ហាញពីឆន្ទៈចង់ចូលរួមជាមួយសមាគម៕ Vietnam News៕

LEAVE A REPLY

Please enter your comment!
Please enter your name here