ដោយៈ គង់ សូរិយា
ព្រះសីហនុៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានឱ្យដឹងថា កំពង់ផែទឹកជ្រៅថ្មីជំហានទី១ នឹងត្រូវបុកគ្រឹះសាងសង់ជាផ្លូវការ នៅមុនដំណាច់ឆ្នាំ២០២៣នេះ ដើម្បីធានាដល់ការចូលចតនាវាកុងតឺន័រខ្នាតធំៗ ឆ្លើយតបទៅនឹងការកើនឡើងនៃបរិមាណកុងតឺន័រ ឆ្លងកាត់ កំពង់ផែមួយនេះ ក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត។
ក្នុងពិធីបន្តជួបសំណេះសំណាល ជាមួយបងប្អូនកម្មករ និយោជិត ចំនួនជាង១៥,០០០នាក់ មកពីបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋាន ក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល កំពុងកែប្រែឃ្លាំងដាក់ទំនិញបន្ថែម និងត្រៀមបុកគ្រឹះក្នុងការសាងសង់ពង្រីក កំពង់ផែទឹកជ្រៅថ្មីមួយបន្ថែមទៀត នៅខេត្តព្រះសីហនុ ដើម្បីអាចឱ្យនាវាកុងតឺន័រខ្នាតធំៗអាចចូលចតបាន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការបុកគ្រឹះសាងសង់កំពង់ផែទឹកជ្រៅថ្មីនេះ ដោយសារតែបច្ចុប្បន្ន នេះ កំពង់ផែខេត្តព្រះសីហនុមានជម្រៅទឹកត្រឹមតែ៩ម៉ែត្រកន្លះ ដូច្នេះរាល់ទំនិញដែលត្រូវចូលមកកម្ពុជា តាមរយៈកប៉ាល់ដែលនាំចូល មកត្រឹមតែ១៨ភាគរយនៃទំនិញ ដែលធ្វើឲ្យតម្លៃដឹកជញ្ជូនខ្ពស់។
សម្តេចធិបតី បានបញ្ជាក់ថា បើកំពង់ផែទឹកជ្រៅថ្មីជំហានទី១ បានសាងសង់រួចរាល់នោះ អាចធ្វើឱ្យកប៉ាល់ ដឹកកុងតឺន័រចូលមកបាន៩៣ភាគរយ ខណៈនៅសល់៧ភាគរយតែប៉ុណ្ណោះ ដូច្នេះវានឹងជួយកាត់បន្ថយ តម្លៃនៃការដឹកជញ្ជូន ដែលមួយកុងតឺន័រប្រមាណ៤០០ ទៅ៥០០ដុល្លារអាមេរិក មកត្រឹម២០០ដុល្លារអាមេរិក ក្នុងមួយកុងតឺន័រ។
បន្ថែមពីនោះទៀត បើកំពង់ផែទឹកជ្រៅថ្មី អភិវឌ្ឍបន្ថែមជំហានទី២ ឬជំហាន ទី៣បន្ថែមទៀតនោះ ដូច្នេះរាល់កប៉ាល់ទាំងអស់ អាចចូលមកកម្ពុជាបាន ដែលនឹងជួយបង្កើតការងារ កាន់តែច្រើន ជំរុញសេដ្ឋកិច្ចកាន់តែខ្លាំងបន្ថែមទៀត។
សម្តេចបញ្ជាក់ថា ឥឡូវយើងកំពុងធ្វើការកែប្រែ កន្លែងកុងតឺន័រមួយ កន្លែងឃ្លាំងមួយ ដើម្បីចូលកប៉ាល់មួយថែម ទៀត ប៉ុន្តែអ្វីដែលសំខាន់យើងបានធ្វើការជាមួយជប៉ុន ឯកភាពគ្នាជាមួយជប៉ុន ជួយនៅក្នុងការសាងសង់ យើងខ្ចីជាកម្ចីបូកជាមួយបច្ចេកទេសជប៉ុន ដើម្បីយកមកវិនិយោគ ពង្រឹកផែទឹកជ្រៅរបស់យើង។
សម្តេចបានបញ្ជាក់បន្ថែមថា “ផែដំណាក់កាលទី១ ខ្ញុំសង្ឃឹមថានឹងបានវៃគ្រឹះបុកគ្រឹះមុនដាច់ឆ្នាំ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបជាមួយប្រធានចៃកា ដោយខ្ញុំបានប្រគល់ភារកិច្ចឱ្យគាត់ ម្សិលមិញបានប្រជុំ ដើម្បីជំរុញការចរចាបញ្ចប់ នៅក្នុងការទម្លាក់ថវិកាក្នុងការចាប់ផ្តើមបុកគ្រឹះ ជំហានទី១ក្នុងការពង្រីកផែរបស់យើង”។ សម្តេចបន្តថា ការពង្រីកផែរបស់យើងសង្ឃឹមថា បុកគ្រឹះឆ្នាំនេះ ព្រោះជាឆ្នាំសំខាន់សម្រាប់កម្ពុជាជប៉ុន គឺខួប៧០ឆ្នាំនៃទំនាក់ទំនងយើង អ៊ីចឹងខ្ញុំថា ម៉េច បុកគ្រឹះឱ្យបានមុនដាច់ឆ្នាំ អ៊ីចឹងគាត់ធ្វើបានមែន ខ្ញុំសូមអរគុណ ហើយយើងនឹងរួមគ្នាធ្វើ”៕