ដោយ: គង់ លាងហួរ
ប៉េកាំង: ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua បានរាយការណ៍កាលពីថ្ងៃអាទិត្យ ដោយដកស្រង់ប្រសាសន៍ ពីបទសម្ភាសន៍ជាមួយរដ្ឋមន្ត្រីហិរញ្ញវត្ថុថ្មីលោក Lan Foan ឱ្យដឹងថា ប្រទេសចិននឹងពន្លឿនការបោះផ្សាយលក់ និងការប្រើប្រាស់មូលបត្របំណុល របស់រដ្ឋាភិបាលឱ្យបានឆាប់រហ័ស។
តាមរយៈបទសម្ភាសន៍នោះ លោក Lan Foan បានបញ្ជាក់ថា ក្រសួងហិរញ្ញវត្ថុនឹងលើកកម្ពស់ ក្នុងការដោះស្រាយហានិភ័យបំណុ លរបស់រដ្ឋបាលតាមមូលដ្ឋាន និងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនប្រសិទ្ធភាព នៃតួនាទីរបស់សញ្ញាប័ណ្ណពិសេស ដើម្បីជំរុញសេដ្ឋកិច្ចជាតិ។’
ដោយបានកត់សម្គាល់ឃើញ អំពីស្ថានភាពស្មុគស្មាញនៅក្នុងស្រុក និងអន្តរជាតិ លោក Lan បានអះអាងថា “ក្រសួងហិរញ្ញវត្ថុនឹងបន្តអនុវត្តគោលនយោបាយ សារពើពន្ធឱ្យបានសកម្ម និងធ្វើឱ្យកាន់ តែប្រសើរឡើងនូវប្រសិទ្ធភាព នៃគោលនយោបាយសារពើពន្ធរបស់ខ្លួន”។
លោកបានបន្តថា កូតាបំណុលរដ្ឋបាល តាមមូលដ្ឋានថ្មីមួយចំនួនសម្រាប់ឆ្នាំ២០២៤ ត្រូវបានដាក់ចេញជាមុន ដើម្បីធានាឱ្យបាននូវតម្រូវការហិរញ្ញប្បទាន ក្នុងស្រុកដោយសមហេតុផល។
លោក Lan ដែលជាអ្នកបច្ចេកទេសវ័យ៦១ឆ្នាំ និងមានបទពិសោធន៍តិចតួច ក្នុងជួររដ្ឋាភិបាលកណ្តាល ត្រូវបានតែងតាំងជារដ្ឋមន្ត្រីហិរញ្ញវត្ថុថ្មី កាលពីខែមុន ស្របពេលដែលរដ្ឋាភិបាលចិន កំពុងបង្កើនការជំរុញសារពើពន្ធ ដើម្បីស្តារកំណើនសេដ្ឋកិច្ចជាតិឡើងវិញ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ទៀតថា ស្ថាប័នសភាកំពូលរបស់ប្រទេសចិនកាលពីខែមុន បានអនុម័តការបោះផ្សាយលក់មូលបត្របំណុលចំនួន១ពាន់ពាន់លានយ័ន (ប្រហែល១៣៧ពាន់លានដុល្លារ) ក្នុងត្រីមាសទី៤ ដើម្បីផ្តល់មូលនិធិដល់ការកសាងឡើងវិញនូវតំបន់ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់។
លើសពីនេះទៀត បក្សកុម្មុយនិស្តចិន ដែលកំពុងកាន់អំណាចនឹងបង្កើនភាពជាអ្នកដឹកនាំ លើឧស្សាហកម្មហិរញ្ញវត្ថុ ដែលមានតម្លៃ៦១ពាន់ពាន់លានដុល្លាររបស់ប្រទេសចិន និងពង្រឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយហានិភ័យបំណុលក្នុងស្រុក៕