ដោយ: គង់ លាងហួរ
សិង្ហបុរី: ផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះ នៅថ្ងៃអង្គារនេះ ស្របពេលដែលអ្នកវិនិយោគកំពុងរង់ចាំការអត្ថាធិប្បាយជុំវិញគោលនយោបាយអត្រាការប្រាក់ ពីប្រធានធនាគារកណ្តាលអាមេរិកគឺលោក Jerome Powell។
ជាមួយគ្នានេះ អ្នកវិនិយោគក៏កំពុងរង់ចាំអ៊ុតមើលការសម្រេចចិត្តលើគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលអូស្ត្រាលី ដែលគ្រោងនឹងប្រកាសនៅថ្ងៃអង្គារនេះផងដែរ។
សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុនអាមេរិក MSCI នៅខាងក្រៅប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,៦ភាគរយនៅថ្ងៃអង្គារនេះ ខណៈដែលផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,៨ភាគរយ។
សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ១,៣៧ភាគរយ ខណៈផ្សារហ៊ុន CSI 300 បានធ្លាក់ថ្លៃចុះ០,៦២ភាគរយ គិតត្រឹមម៉ោង៩:៥០នាទីព្រឹក។
ចំណែកឯ សន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានធ្លាក់ថ្លៃចុះ០,៣៤ភាគរយ ខណៈផ្សារហ៊ុនអូស្ត្រាលីS&P/ASX 200 បានធ្លាក់ថ្លៃចុះ០,៤២ភាគរយ។
ផលប័ត្ររតនាគារអាមេរិករយៈពេល២ឆ្នាំបានកើនឡើងជិត១១ពិន្ទុមូលដ្ឋាន (bps) ពេញមួយយប់ ក្រោយពីធ្លាក់ចុះអស់១៨ពិន្ទុមូលដ្ឋាន ក្នុងសប្តាហ៍មុន។ ចំណែក ផលប័ត្ររតនាគាររយៈពេល១០ឆ្នាំបានកើនឡើង១០ពិន្ទុមូលដ្ឋាន កាលពីថ្ងៃច័ន្ទ ប៉ុន្តែបានធ្លាក់ចុះជិត៣០ពិន្ទុមូលដ្ឋានកាលពីសប្តាហ៍មុន។
ចំណែកឯ តម្លៃប្រេងឆៅបានធ្លាក់ចុះនៅថ្ងៃអង្គារនេះ ស្របពេលដែលមានក្តីបារម្ភថា តម្រូវការប្រេងនៅក្នុងប្រទេសចិនអាចនឹងធ្លាក់ចុះ។
ជាក់ស្តែង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ២៣សេន ឬ០,៣ភាគរយ មកនៅត្រឹម៨៤,៩៥ដុល្លារ ក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0127 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានធ្លាក់ចុះ២៣សេនដូចគ្នា មកនៅត្រឹម៨០,៥៩ដុល្លារក្នុងមួយបារ៉ែល៕