បណ្ដាធនាគារនៅវៀតណាម ជួបវិបត្តិលក់ឡាយឡុងអចលនទ្រព្យដែលខ្លួនរឹបអូសមិនចេញ

តែម សុខុម
ហាណូយៈ ធនាគារនានានៅវៀតណាម បាននិងកំពុងព្យាយាមលក់ឡាយឡុងផ្ទះ រីហ្សត និងរោងចក្រដែលខ្លួនរឹបអូសបានពីកូនបំណុល ប៉ុន្តែរកអ្នកទិញមិនបានសោះ ទោះបីជាលក់បញ្ចុះតម្លៃច្រើនយ៉ាងណាក្ដី។

ចាប់តាំងពីចុងឆ្នាំ២០២២ ធនាគារនានាបានដាក់លក់ឡាយឡុងយ៉ាងគំហុកនូវអចលនទ្រព្យរួមមានដីធ្លី ផ្ទះ និងវីឡានៅតាមតំបន់ដែលមានហាងឆេងខ្ពស់ សណ្ឋាគារ រីហ្សត និងរោងចក្រដើម្បីកាត់កងបំណុល។ នេះបើយោងតាមសារព័ត៌មាន VN Express ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកា។

តួយ៉ាងធនាគារ Agribank ជាថ្មីម្ដងទៀតកំពុងស្វែងរកអ្នកទិញផ្ទះចំនួនពីរក្នុងសង្កាត់ចាស់នៃក្រុងហាណូយ ដោយផ្ទះមួយលក់ក្នុងតម្លៃចាប់ពី២,៥លានដុល្លារអាមេរិក ហើយផ្ទះមួយទៀតលក់ក្នុងតម្លៃចាប់ពី១,៤លានដុល្លារអាមេរិក។

ផ្ទះពីរខាងលើត្រូវបានធនាគារប្រកាសដាក់លក់ឡាយឡុងប្រមាណ១០ដងមកហើយរហូតមកទល់ពេលនេះ ប៉ុន្តែនៅតែលក់មិនចេញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមនេះ ធនាគារ BIDV បានព្យាយាមជាលើកទី៦ ក្នុងការលក់ឡាយឡុងរោងចក្រផលិតស៊ីមង់ត៍មួយកន្លែងនៅខេត្តភាគខាងត្បូង Binh Phuoc និងជាង១០ដងក្នុងការលក់ឡាយឡុងដីមួយកន្លែងដែលមានទំហំ១.១០០ម៉ែត្រការ៉េនៅក្រុងហូជីមិញ។

នៅខែតុលា ធនាគារ VietinBank បានប្រកាសលក់ឡាយឡុងជាថ្មីនូវដីចំនួន២០កន្លែងក្នុងខេត្តភាគខាងត្បូង Dong Nai ជាមួយនឹងតម្លៃចាប់ពី១០,៩លានដុល្លារអាមេរិក ដោយបញ្ចុះតម្លៃ២,៤៦លានដុល្លារអាមេរិក បើធៀបនឹង៣ខែមុន។

ដីទាំងនោះត្រូវបានក្រុមហ៊ុនសាងសង់មួយនៅទីក្រុងហូជីមិញ យកទៅដាក់បញ្ចាំដើម្បីខ្ចីប្រាក់ពីធនាគារ។
ធនាគារមួយទៀតបានបញ្ចុះតម្លៃ៤,១១លានដុល្លារអាមេរិក មកនៅត្រឹម៤១,១២លានដុល្លារអាមេរិក សម្រាប់អចលនទ្រព្យក្នុងក្រុង Nha Trang។

អចលនទ្រព្យជាច្រើនក្នុងគម្រោងទេសចរណ៍មួយមានតម្លៃ១ពាន់លានដុល្លារអាមេរិក ដែលពាក់ព័ន្ធនឹងក្រុមហ៊ុនអភិវឌ្ឍន៍ Tan Hoang Minh ក៏ត្រូវបានបញ្ចុះតម្លៃរាប់លានដុល្លារអាមេរិក ពីការប្រកាសលក់ឡាយឡុងមុនៗផងដែរ។

យោងតាមសមាគមភ្នាក់ងារអចលនទ្រព្យវៀតណាម ឱ្យដឹងថា នៅមុនពេលធនាគាររឹបអូសយកមកលក់ឡាយឡុង គឺធនាគារទុកពេលឱ្យកូនបំណុលរយៈពេលពី៣ទៅ៦ខែសម្រាប់ឱ្យពួកគេលក់អចលនទ្រព្យទាំងនោះដោយខ្លួនឯង។

ប៉ុន្តែដោយសារទីផ្សារអចលនទ្រព្យបច្ចុប្បន្នកំពុងដាំក្បាលចុះ ទើបធ្វើឱ្យកូនបំណុលលក់មិនចេញ ព្រោះពួកគេចង់លក់វាចេញក្នុងតម្លៃខ្ពស់ ខណៈអ្នកទិញរង់ចាំឱ្យតម្លៃចុះថោក។

តាមរយៈរបាយការណ៍មួយដែលផ្ញើជូនរដ្ឋសភាវៀតណាម កាលពីដើមខែនេះ ធនាគារកណ្ដាលវៀតណាម បញ្ជាក់ថា អនុបាតបំណុលខូច ឬ បំណុលពិបាកទារ (Bad Debt) ក្នុងវិស័យអចលនទ្រព្យមានក្នុងរង្វង់២,៥៨%គិតត្រឹមដំណាច់ខែកក្កដា ដោយកើនឡើងខ្លាំងបើធៀបនឹង១,៨%ក្នុងឆ្នាំ២០២២ ហើយកំពុងតែកើនឡើងបន្តទៀត។

សមាគមខាងលើរំពឹងថា អនុបាតបំណុលខូចនឹងកើនឡើងបន្ថែមទៀត ពីព្រោះទីផ្សារអចលនទ្រព្យវៀតណាម នៅមិនទាន់រើបឡើងវិញនោះទេ៕ VN Express ៕

LEAVE A REPLY

Please enter your comment!
Please enter your name here