ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានស្ថិតនៅទ្រឹងក្នុងថ្ងៃច័ន្ទនេះ បន្ទាប់ពីទិន្នន័យការងារនៅសហរដ្ឋអាមេរិកបានបង្ហាញថា ធនាគារកណ្តាលអាមេរិកអាចនឹងបញ្ចប់ការដំឡើងអត្រាការប្រាក់ ដែលការណ៍នេះធ្វើឱ្យផលប័ត្រសញ្ញាប័ណ្ណ និងប្រាក់ដុល្លារធ្លាក់ថ្លៃចុះ។
តួយ៉ាង តម្លៃមាស Spot Gold បានប្រែប្រួលតិចតួចមកនៅត្រឹម១៩៩០,៤៣ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោងសកល 0100 GMT ហើយតម្លៃមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានស្ថិតនៅទ្រឹងត្រឹម១៩៩៧,៦០ដុល្លារក្នុងមួយអោន។
យោងតាមរបាយការណ៍របស់នាយកដ្ឋានការងារអាមេរិក បានបង្ហាញថា អត្រា អ្នកមាន ការងារ ធ្វើ ក្រៅពី វិស័យ កសិកម្ម បានកើនឡើងចំនួន១៥មុឺនការងារ នៅក្នុងខែតុលា ដែលតិចជាងការរំពឹងទុកសម្រាប់ការកើនឡើងចំនួន១៨មុឺន ការងារ។
នៅពេលនេះ ក្រុមពាណិជ្ជករមើលឃើញឱកាសចំនួន៩៥% ដែលធនាគារកណ្តាលអាមេរិក(Fed) នឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរ នៅកិច្ចប្រជុំក្នុងខែធ្នូខាងមុខ។ នេះបើយោងតាមគេហទំព័រ CME FedWatch ។
ក្រុមហ៊ុន SPDR Gold Trust ដែលជាមូលនិធិជួញដូរមាសដ៏ធំបំផុតរបស់ពិភពលោកបានរាយការណ៍ថា ការកាន់កាប់មាសរបស់ខ្លួនបានកើនឡើង០,២០% ដល់៨៦៣,២៤តោនកាលពីថ្ងៃសុក្រ បើធៀបនឹង៨៦១,៥១តោនកាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន។
តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,១% ដល់២៣,១៨ដុល្លារ ក្នុងមួយអោន តម្លៃផ្លាទីនបានធ្លាក់ចុះ០,៤%ដល់៩២៦,២០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានស្ថិតនៅទ្រឹងត្រឹម១១១៨,៩៩ដុល្លារក្នុងមួយអោន៕