ប្រទេសម៉ាឡេស៊ី កំពុងខិតខំបង្កើនការនាំចេញជាមួយដៃគូកិច្ចព្រមព្រៀង RCEP ដើម្បីទប់ទល់នឹងការធ្លាក់ចុះ នៃសេដ្ឋកិច្ច

ដោយ: គង់ លាងហួរ
អន្តរជាតិ: នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អុីប្រាហ៊ីម បានមានប្រសាសន៍ឱ្យដឹងថា ប្រទេសម៉ាឡេស៊ីខិតខំបង្កើនការនាំចេញរបស់ខ្លួនទៅកាន់ប្រទេសសមាជិករបស់កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដើម្បីទប់ទល់នឹងការនាំចេញដែលកំពុងធ្លាក់ចុះ។

លោក អាន់វ៉ា បានថ្លែងទៅកាន់សភាថា “ម៉ាឡេសុីក៏ស្វែងរក និងខិតខំបង្កើនពាណិជ្ជកម្មជាមួយបណ្តាប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ផងដែរ ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ខ្លួនក្នុងការជំរុញសេដ្ឋកិច្ចជាតិ”។

លោក បាន បន្ត ថា “ការបញ្ចុះពន្ធ ដែល ត្រូវបាន ផ្តល់ក្រោម កិច្ច ព្រម ព្រៀង ពាណិជ្ជកម្ម សេរី នឹង ផ្តល់ អត្ថប្រយោជន៍ ជា ពិសេស ដល់ ការ នាំ ចេញ ដ៏ សំខាន់ របស់ ម៉ាឡេស៊ី រួម មាន ប្រេងដូង ផលិតផល អគ្គិសនី និង អេឡិចត្រូនិក (E&E) គ្រឿង បន្លាស់ រថយន្ត និង ផលិតផល ផ្សេងៗ ទៀត”។

ប្រទេសម៉ាឡេស៊ីគឺជាប្រភពនាំចេញដ៏ធំនៃផលិតផលអគ្គិសនី និងអេឡិចត្រូនិក ដូចជាឧបករណ៍Semiconductors គ្រឿងបន្លាស់កុំព្យូទ័រ និងឧបករណ៍ទូរគមនាគមន៍ជាដើម។ ផលិតផលទាំងនេះគឺជាកត្តាជំរុញដ៏សំខាន់នៃកំណើនការនាំចេញ និងដើរតួនាទីយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែកឯ គោលដៅដ៏ធំបំផុតសម្រាប់ការនាំចេញរបស់ប្រទេសម៉ាឡេស៊ី រួមមានដូចជា ប្រទេសសិង្ហបុរី ចិន សហរដ្ឋអាមេរិក ហុងកុង និងជប៉ុន។

លោក អាន់វ៉ា អុីប្រាហ៊ីម បានបន្ថែមថា ការនាំចេញរបស់ម៉ាឡេស៊ីបានធ្លាក់ចុះ៨,៤ភាគរយពីខែមករាដល់ខែកញ្ញាធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ដោយសារតែស្ថានភាពមិនច្បាស់លាស់នៅក្នុងសេដ្ឋកិច្ចពិភពលោក តម្លៃទំនិញមិនស្ថិតស្ថេរ និងអត្រាអតិផរណាសកលមានកម្រិតខ្ពស់។

យោងតាមការព្យាករណ៍កម្រិតខ្ពស់ដោយនាយកដ្ឋានស្ថិតិម៉ាឡេស៊ី (DOSM) បានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសម៉ាឡេស៊ី អាចនឹងកើនឡើងក្នុងអត្រា៣,៣ភាគរយក្នុងត្រីមាសទី៣នៃឆ្នាំ២០២៣នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here