ខេត្តកែប និងខេត្តយូណាននឹងបង្កើតសម្ព័ន្ធមេត្រីភាពជាមួយគ្នា

        ដោយៈ គង់ ហ្វីអូណា

        ខេត្តកែបៈ ប្រតិភូចិនដឹកនាំដោយលោក ស៊ឺ ឈិញហឺ អភិបាលរងនៃរដ្ឋបាលប្រជាជនទីក្រុងលីនឆាង នៃខេត្តយូណាន​ សាធារណរដ្ឋប្រជាមានិតចិន មកកាន់ខេត្តកែប និងបានជួបពិភាក្សាការងារជាមួយលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប។

តាមខ្លឹមសារលិខិតរបស់រដ្ឋបាលខេត្តកែប ភាគីចិនបានស្នើសុំបង្កើតទំនាក់ទំនងមេត្រីភាព រវាងទីក្រុងលីនឆាង ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន និងខេត្តកែប។ ភាគីទាំងពីរបានលើកយកនូវសេចក្តីថ្លែងការណ៍រួមស្តីពី ការបង្កើតនូវទំនាក់ទំនងការទូតរវាងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា សម្រា​ប់ការពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងខេត្តកែប និងទីក្រុងលីនឆាង សំដៅលើការយោគយល់គ្នាទៅវិញទៅមក និងមិត្តភាពជាប្រពៃណីរវាងប្រជាជននៃខេត្ត និងទីក្រុងទាំងពីរ តាមរយៈការពិភាក្សាក្នុងលក្ខណៈមិត្តភាព ទីក្រុងលីនឆាង នៃខេត្តយូណាន និងខេត្តកែប បានយល់ព្រមបង្កើតទំនាក់ទំនងមេត្រីភាព ដោយឈរលើមូលដ្ឋាន នៃសមភាពផលប្រយោជន៍រួម និងការទុកចិត្តគ្នាទៅវិញទៅមក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ភាគីទាំងពីរព្រមព្រៀងគ្នា ជំរុញការផ្លាស់ប្ដូរមិត្តភាពរវាងប្រជាជននៃខេត្ត និងទីក្រុងទាំងពីរជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម អភិវឌ្ឍ ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងខេត្ត និងទីក្រុងទាំងពីរក្នុងវិស័យកសិកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា វប្បធម៌ កីឡា សុខភាពសាធារណៈ អប់រំ ទេសចរណ៍ និងធនធានមនុស្ស។ល។

លិខិតនេះបានធ្វើឡើងចំនួន៣ច្បាប់ ជាភាសាខ្មែរ ភាសាចិន និងភាសាអង់គ្លេស ដែលអត្ថបទនីមួយៗមានខ្លឹមសារដូចគ្នា។លិខិតស្នើសុំនេះ មានសុពលភាពក្នុងរយៈពេលបីឆ្នាំ ចាប់ពីថ្ងៃចុះហត្ថលេខា ក្រោយពីភាគីនីមួយៗ បានយល់ព្រមអនុម័តតាមនីតិវិធី នៃប្រទេសរបស់ខ្លួន។

ក្រោយជំនួបដ៏សំខាន់នេះ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោ​កប៊ុន យោង អភិបាលរងខេត្តកែប បានអញ្ជើញគណៈប្រតិភូទីក្រុងលីនឆាងសិក្សាស្វែងយល់បន្ថែមពីទីតាំងសំខាន់ៗ ដូចជា មជ្ឈមណ្ឌ​លបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត អគារធនធាននៃសាលាវិទ្យាល័យហ៊ុនសែនចំការដូង ដែលទីតាំងទាំងពីរនេះ ប្រតិភូនៃខេត្តទាំងពីរបានទទួលស្តាប់បទបង្ហាញ អំពីដំណើរការ និងសមិទ្ធផលសម្រេចបាន រួមទាំងបញ្ហាប្រឈមមួយចំនួនផងដែរ បន្ទាប់មកប្រតិភូបន្តទៅទស្សនៈកិច្ចនៅចំការត្របែក និងចំការម្រេច​ របស់ប្រជាកសិករនៅភូមិចំកាបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប និងទីតាំងតំបន់ទេសចរណ៍សំខាន់ៗមួយចំនួនទៀតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here