រដ្ឋាភិបាលជប៉ុនប្រកាសបញ្ចេញកញ្ចប់ថវិកាចំនួន១១៣ពាន់លានដុល្លារ ដើម្បីជំរុញសេដ្ឋកិច្ចជាតិ

ដោយ: គង់ លាងហួរ
ក្រុងតូក្យូ: នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋាភិបាលនឹងចំណាយប្រាក់ជាង១៧ពាន់ពាន់លានយ៉េន (ប្រហែល១១៣ពាន់លានដុល្លារ) ក្នុងកញ្ចប់វិធានការមួយ ដើម្បីទប់ស្កាត់ផលប៉ះពាល់សេដ្ឋកិច្ចពីការកើនឡើងនៃអតិផរណា ដែលនឹងរួមបញ្ចូលការកាត់បន្ថយពន្ធផងដែរ។

លោក Kishida បានប្រាប់អ្នកយកព័ត៌មានថា ដើម្បីផ្តល់មូលនិធិមួយផ្នែកនៃការចំណាយ រដ្ឋាភិបាលនឹងចងក្រងថវិកាបន្ថែមសម្រាប់ឆ្នាំសារពើពន្ធបច្ចុប្បន្នចំនួន១៣,១ពាន់ពាន់លានយ៉េន។

សារពត៌មានReuters បានរាយការណ៍កាលពីថ្ងៃពុធថា រដ្ឋាភិបាលជប៉ុនកំពុងពិចារណាការចំណាយប្រាក់លើសពី១៧ពាន់ពាន់លានយ៉េនសម្រាប់កញ្ចប់មួយ ដែលនឹងរួមបញ្ចូលការកាត់បន្ថយជាបណ្តោះអាសន្នចំពោះពន្ធលើប្រាក់ចំណូល និងពន្ធលំនៅដ្ឋាន ក៏ដូចជាដាក់ចេញការឧបត្ថម្ភធនដើម្បីទប់ស្កាត់ថ្លៃសាំង និងថ្លៃអគ្គិសនី។

អត្រាអតិផរណា ដែលជំរុញដោយការកើនឡើងនៃថ្លៃចំណាយលើវត្ថុធាតុដើម នៅតែស្ថិតលើសពីកម្រិតគោលដៅ២% របស់ធនាគារកណ្តាលជប៉ុន អស់រយៈពេលជាងមួយឆ្នាំ ដែលធ្វើឱ្យការប្រើប្រាស់ធ្លាក់ចុះ និងជះផលប៉ះពាល់ដល់ទស្សនវិស័យសម្រាប់សេដ្ឋកិច្ចជប៉ុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សេដ្ឋកិច្ចរបស់ប្រទេសជប៉ុនបានកើនឡើង ក្នុងរយៈពេល៣ត្រីមាសជាប់ៗគ្នា គិតត្រឹមត្រីមាសទី២ ក្នុងឆ្នាំនេះ ដោយសារកំណើននៃការនាំចេញរថយន្តដ៏រឹងមាំ និងលំហូរនៃភ្ញៀវទេសចរ ដែលបានជួយប៉ះប៉ូវដល់ការធ្លាក់ចុះនៃការប្រើប្រាស់។

ផ្អែកតាមរបាយការណ៍ប្រចាំខែតុលា បានបង្ហាញថា រដ្ឋាភិបាលជប៉ុនបានរក្សាការវាយតម្លៃថា សេដ្ឋកិច្ចរបស់ខ្លួនកំពុងស្ទុះងើបឡើងវិញ ក្នុងល្បឿនមធ្យម និងបានព្រមានអំពីហានិភ័យ ដែលអាចរាលដាលចេញពីសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here