ទុនបម្រុងអន្តរជាតិរបស់ប្រទេសកូរ៉េខាងត្បូង ធ្លាក់ចុះអស់រយៈពេល៣ខែជាប់ៗគ្នា គិតត្រឹមខែតុលា

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទុនបម្រុងអន្តរជាតិរបស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ចុះក្នុងរយៈពេល៣ខែជាប់ៗគ្នា គិតត្រឹមខែតុលា ដោយសារប្រាក់ដុល្លារអាមេរិកហក់ឡើងថ្លៃ និងវិធានការរក្សាស្ថិរភាពទីផ្សាររូបិយប័ណ្ណរបស់ធនាគារកណ្តាលកូរ៉េ។

យោងតាមទិន្នន័យពីធនាគារកណ្តាលកូរ៉េ (BOK) បានឱ្យដឹងថា ទុនបម្រុងអន្តរជាតិរបស់ប្រទេសនេះ មានចំនួន៤១២,៨៧ពាន់លានដុល្លារអាមេរិក គិតត្រឹមចុងខែតុលា ដែលធ្លាក់ចុះ១,២៤ពាន់លានដុល្លារបើធៀបនឹងខែកញ្ញា។

ធនាគារកណ្តាលកូរ៉េបានគូសបញ្ជាក់ថា សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងតម្លៃប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណដៃគូរសំខាន់ៗបានធ្លាក់ថ្លៃចុះ០,១ភាគរយកាលពីខែតុលា។

ទុនបំរុងអន្តរជាតិ រួមមានដូចជា មូលបត្រ និងប្រាក់បញ្ញើជារូបិយប័ណ្ណបរទេស ប្រាក់បញ្ញើនៅមូលនិធិរូបិយវត្ថុអន្តរជាតិ IMF (IMF Reserve Position) សិទ្ធិដកពិសេស (SDR) និងដុំមាស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មូលបត្របំណុលបរទេសរបស់ធនាគារកណ្តាលកូរ៉េ រួមមានដូចជា ប័ណ្ណរតនាគារអាមេរិក ដែលមានតម្លៃ៣៦៩,៩៨ពាន់លានដុល្លារ គិតត្រឹមចុងខែតុលា ដោយធ្លាក់ចុះ២,៦ពាន់លានដុល្លារបើធៀបនឹងខែកញ្ញា។ តួលេខនេះបានបង្ហាញថា ប័ណ្ណរតនាគារអាមេរិកគ្របដណ្តប់៨៩,៦ភាគរយនៃទុនបម្រុងអន្តរជាតិសរុបរបស់ប្រទេសកូរ៉េខាងត្បូង។

ចំណែក ទំហំនៃប្រាក់បញ្ញើមានចំនួន១៨,៨៧ពាន់លានដុល្លារ គិតត្រឹមចុងខែតុលា ដែលកើនឡើង១,៤៧ពាន់លានដុល្លារបើធៀបនឹងខែកញ្ញា។

យោងតាមធនាគារកណ្តាលកូរ៉េ (BOK) បានឱ្យដឹងបន្ថែមថា ប្រទេសកូរ៉េខាងត្បូងជាប់ចំណាត់ថ្នាក់ជា អ្នកកាន់កាប់ទុនបម្រុងអន្តរជាតិច្រើនជាងគេបំផុតទី៩របស់ពិភពលោក គិតត្រឹមចុងខែកញ្ញា៕

LEAVE A REPLY

Please enter your comment!
Please enter your name here