ដោយៈ គង់ សូរិយា
ភ្នំពេញៈ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា ការទាក់ទាញ និងគាំពារអ្នកវិនិយោគ មិនមែនជាតួនាទីភារកិច្ចផ្តាច់មុខ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គឺទាមទារការចូលរួមពីគ្រប់អាជ្ញាធរពាក់ព័ន្ធទាំងអស់។
ក្នុងដំណើរចុះជួបអ្នកវិនិយោគ តាមតំបន់សេដ្ឋកិច្ចពិសេសនាខេត្តស្វាយរៀង កាលពីដើមសប្តាហ៍នេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ចូលរួមធ្វើកិច្ចការចំនួន៤ពាក់ព័ន្ធការវិនិយោគនេះ។
កិច្ចការទាំង៤នេះ រួមមានទី១ ចូលរួមទាក់ទាញអ្នកវិនិយោគមកវិនិយោគនៅកម្ពុជា ទី២ សម្របសម្រួល ឱ្យអ្នកវិនិយោគមានភាពងាយស្រួលលើការវិនិយោគ ទី៣ ថែរទាំការវិនិយោគឱ្យបានគង់វង់ និងទី៤ ធ្វើការជាមួយអ្នកវិនិយោគ ដើម្បីពង្រីកការវិនិយោគដែលមានរួចហើយនោះ។
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសរំលេចនៅចំពោះមុខអ្នកវិនិយោគដែរថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់ការយកចិត្តទុកដាក់ខ្ពស់ ចំពោះវិស័យឯកជន។ រាជរដ្ឋាភិបាល ចាត់ទុកវិស័យឯកជន ជាក្បាលម៉ាស៊ីនដ៏សំខាន់ សម្រាប់ការអូសទាញសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋតាមរយៈការបង្កើតការងារ។
ជាយុទ្ធសាស្ត្រមួយ ក្នុងការទាក់ទាញអ្នកវិនិយោគ មកកាន់កម្ពុជានោះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រកាសធ្វើដំណើរជាមួយអ្នកវិនិយោគនានា នៅក្នុងប្រទេស ដើម្បីទៅអូសទាញអ្នកវិនិយោគក្រៅប្រទេសមកកាន់កម្ពុជាថែមទៀត៕