តម្លៃប្រេងកើនឡើង ស្របពេលផ្សារហ៊ុននៅតំបន់អាសុីបានងើបឡើងថ្លៃនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាសុីបានងើបឡើងថ្លៃនៅថ្ងៃសុក្រនេះ ហើយប្រាក់ដុល្លារអាមេរិកបានធ្លាក់ថ្លៃចុះ ខណៈអ្នកវិនិយោគិនភ្នាល់ថា ធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចប់ការដំឡើងអត្រាការប្រាក់របស់ខ្លួនហើយ។

ផលបត្ររតនាគារអាមេរិករយៈពេល១០ឆ្នាំ បានធ្លាក់ចុះលើសពី២០ពិន្ទុមូលដ្ឋាន ចាប់តាំងពីធនាគារកណ្តាលអាមេរិកបានសម្រេចចិត្តរក្សាអត្រាការប្រាក់ឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំរបស់ខ្លួនកាលពីថ្ងៃពុធកន្លងទៅ។

សន្ទស្សន៍ ភាគហ៊ុន អាស៊ី ប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុន បានងើបឡើងថ្លៃ០,៩ភាគរយនៅថ្ងៃសុក្រនេះ។

ផ្សារហ៊ុន Nikkei (Nikkei 225) បានងើបឡើងថ្លៃ១,១០ភាគរយ ខណៈផ្សារហ៊ុនហុងកុង Hang Seng បានងើបឡើងថ្លៃ២,១៣ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែកឯ សន្ទស្សន៍ផ្សារហ៊ុនចិនដីគោក CSI 300 បានងើបឡើងថ្លៃ០,៧៨ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុនshanghai composite បានងើបឡើងថ្លៃ០,៧០ភាគរយ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ស្ថិតនៅត្រឹម១០៦,២២ពិន្ទុ បន្ទាប់ពីបានធ្លាក់ថ្លៃចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល១សប្តាហ៍ គឺ១០៥,៨ពិន្ទុ កាលពីថ្ងៃព្រហស្បតិ៍។

តម្លៃប្រេងបានកើនឡើងនៅថ្ងៃសុក្រនេះ។តម្លៃប្រេងឆៅ Brent futures បានកើនឡើង៦សេន ដល់៨៦,៩១ដុល្លារ ក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0010 GMT ខណៈតម្លៃប្រេងឆៅអាមេរិកU.S. West Texas Intermediate futures បានកើនឡើង១២សេន ឬ០,២ភាគរយដល់៨២,៥៨ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here