ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសន្យាបន្ថែមទុនវិនិយោគជាមួយក្រសួងធនធានទឹក និងឧតុនិយម ពិសេសបន្ថែមទុនវិនិយោគលើការងារជួសជុលថែរទាំ ប្រព័ន្ធធារាសាស្រ្ត (O&M) ដើម្បីរួមចំណែកទ្រទ្រង់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
ការសន្យានេះធ្វើឡើង ក្នុងជំនួបពិភាក្សារវាងលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោកស្រី Jyotsana Varma នាយិកាស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣។
លោករដ្ឋមន្ត្រីបានស្នើដល់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ពិចារណាពង្រីកទុនវិនិយោគបន្ថែមទៀត លើវិស័យគ្រប់គ្រងធនធានទឹក និងឧតុនិយម ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងហានិភ័យនៃគ្រោះធម្មជាតិនានា។ លោកក៏បានស្នើឱ្យធនាគារអភិវឌ្ឍន៍អាស៊ី បង្កើនកិច្ចសហប្រតិបត្តិការ កែលម្អផែនការរយៈពេលវែង លើកិច្ចការវិនិយោគ ក្នុងវិស័យធនធានទឹក និងឧតុនិយម ចាប់ពីឆ្នាំ២០២៤-២០៣៩ ឈានទៅកាត់បន្ថយបានជាអតិបរមា នូវជំនន់គ្រប់ប្រភេទ និងហានិភ័យនៃគ្រោះរាំងស្ងួត បង្កើនជាអតិបរមានូវបរិស្ថានបៃតង និងអេកូទេសចរណ៍។
ជាការឆ្លើយតប លោកស្រីនាយិកា ADB ប្រចាំកម្ពុជា បានសន្យាបន្ថែមទុនវិនិយោគ ជាមួយក្រសួងធនធានទឹក និងឧតុនិយម និងជាពិសេសទុនវិនិយោគ លើការងារជួសជុលថែទាំប្រព័ន្ធធារាសាស្រ្ត (O&M) ដើម្បីរួមចំណែកទ្រទ្រង់ ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
ជាមួយគ្នានោះ ភាគីទាំងពីរក៏បានបញ្ជាក់ពី ការបន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានទឹកឱ្យកាន់តែមានការរីកចម្រើន ប្រកបដោយនិរន្តរភាព ធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។
លោករដ្ឋមន្ត្រី ថោ ជេដ្ឋា បានថ្លែងអំណរគុណចំពោះការរួមចំណែកប្រកបដោយប្រសិទ្ធភាពខ្ពស់របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹក និងឧតុនិយម ដែលធនាគារ ADB បានចូលរួមក្នុងការធ្វើទំនើបកម្មវិស្វកម្ម លើវិស័យហេដ្ឋារចនាសម្ពន្ធទឹក ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅនៃភពផែនដី។
គិតមកដល់ពេលបច្ចុប្បន្ននេះ ធនាគារ ADB បានធ្វើការវិនិយោគជាបន្តបន្ទាប់ តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើទំនើបកម្មលើហេដ្ឋារចនាសម្ព័ន្ធ គ្រប់គ្រងវិស័យធនធានទឹក និងឧតុនិយម ចាប់ពីខ្នាតមធ្យមដល់ខ្នាតធំ ក្នុងនោះគម្រោងកំពុងដំណើរការមានចំនួនពីររួមមាន ទី១- គម្រោងកែលម្អវិស័យធារាសាស្រ្តកសិកម្ម (IAIP) និងទី២-គម្រោងខ្សែច្រវ៉ាក់ផលិតកម្ម ប្រកបដោយភាតរបរិស្ថាន (CFACVS)៕