ដោយ៖ វុទ្ធី
ក្រុងប៉េកាំង៖ ទិន្នន័យផ្លូវការ បានបង្ហាញកាលពីចុងសប្តាហ៍នធថា ការនាំចេញរបស់ចិនបានកើនឡើងយ៉ាងខ្លាំងម្តងទៀតកាលពីខែមុន ដោយសារនិន្នាការកើនឡើង ក្រោយមានការស្ទុះងើបនៃការប្រើប្រាស់ ក្នុងចំណោមដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ខ្លួន។
ទោះជាយ៉ាងណា ការនាំចូលមានការធ្លាក់ចុះ បន្ទាប់ពីការកើនឡើងកាលពីខែកញ្ញា ដោយក្រុមអ្នកវិភាគរំពឹងថា ការធ្លាក់ចុះតម្លៃនាំចូល មានចំនួនច្រើន។
បើទោះបីជាការរីករាលដាល នៃជំងឺ Covid-19 បានប៉ះពាល់ដល់បណ្តាប្រទេសនានានៅទូទាំងពិភពលោកក៏ដោយ ក៏ពាណិជ្ជកម្មបរទេសនៅក្នុងប្រទេស ដែលមានសេដ្ឋកិច្ចធំលំដាប់ទី២ នៅលើពិភពលោកមួយនេះ ទទួលបានលទ្ធផលល្អប្រសើរជាងការរំពឹងទុក។
ទិន្នន័យគយបានបង្ហាញថា ការនាំចេញកើនឡើង ១១,៤ ភាគរយក្នុងខែតុលាក្នុងឆ្នាំនេះ គឺល្អប្រសើរជាងកំណើន ៨,៩ ភាគរយ ដែលអ្នកសេដ្ឋកិច្ចរបស់ Bloomberg បានព្យាករ។
ការនាំចូល បានកើនឡើង ៤,៧ ភាគរយ ទាបជាងការរំពឹងទុក ៨,៨ ភាគរយ។
រដ្ឋបាលគយ បានឱ្យដឹងពីថ្ងៃសៅរ៍ថា ការនាំចេញផលិតផលមេកានិច និងអគ្គិសនីរបស់ចិន បានកើនឡើងក្នុងរយៈពេល ១០ ខែដំបូង ក៏ដូចជាការនាំចេញវាយនភណ្ឌ រួមជាមួយម៉ាស់ បានកើនឡើងប្រហែល ៣៥ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន។
ទោះជាយ៉ាងនេះក្តី ក្រុមហ៊ុន Capital Economics បានព្រមាននៅក្នុងរបាយការណ៍មួយក្នុងសប្តាហ៍នេះថា ទិន្នន័យថ្មីៗនេះបានចង្អុលបង្ហាញពីការធ្លាក់ចុះនៃការបញ្ជាទិញនាំចេញថ្មីនៅក្នុងខែតុលា ដែលបង្ហាញថា “តម្រូវការបរទេសបានចាប់ផ្តើមធ្លាក់ចុះ បន្ទាប់ពីការបិទប្រទេសកាលពីពេលថ្មីៗនេះ” ។
ការផ្ទុះឡើងនៃជំងឺរាតត្បាតសកលសារជាថ្មី នៅក្នុងទីផ្សារសំខាន់ៗ រួមទាំងសហរដ្ឋអាមេរិក និងអឺរ៉ុប បានប៉ះពាល់ដល់តម្រូវការក្រៅប្រទេសរបស់ប្រទេសចិន ដែលបានជំរុញជាថ្មីក្នុងឆ្នាំនេះ សម្រាប់ការប្រើប្រាស់ក្នុងស្រុក ដើម្បីគាំទ្រកំណើន។
ក្រុមហ៊ុន Capital Economics បានឱ្យដឹងថា “វិធានការភាគច្រើន បានបង្ហាញថា តម្រូវការក្នុងស្រុកបានបន្តពង្រឹង ហើយការវិនិយោគហេដ្ឋារចនាសម្ព័ន្ធជាចំណុចស្នូលនៃសកម្មភាពជំរុញសេដ្ឋកិច្ច” ។
អតិរេកពាណិជ្ជកម្មរបស់ចិន ជាមួយអាមេរិក ដែលជាបញ្ហាស្នូលរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងសង្គ្រាមពាណិជ្ជកម្ម បានកើនឡើងប្រហែល ១៩ភាគរយ ដែលគិតជាទឹកប្រាក់៣១,៤ពាន់លានដុល្លារក្នុងខែតុលា៕ AFP