តើ​លោកស្រី Kamala Harris ស្ត្រី​ទីមួយ ជាប់ឆ្នោត​ជា​អនុ​ប្រធានាធិបតី​អាមេរិក ជា​អ្នកណា?

ដោយ៖ សាវុធ

ភ្នំពេញ៖ សមាជិកា​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក លោកស្រី Kamala Harris បាន​ក្លាយជា​ស្ត្រី​ទីមួយ​ជាប់ឆ្នោត​ជា​អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក នៅក្រោយ​លោក Joe Biden ដែល​បាន​ត្រូវ​សន្មត​ថា នឹង​ទទួល​ការតែងតាំង​ជា​ប្រ​ធានា​ធិ​តី​អាមេរិក​ទី៤៦ បានជ្រើសរើស​លោកស្រី​ជា​ដៃគូ​របស់លោក​ក្នុងការ​ប្រកួតប្រជែង​នេះ។

លោកស្រី​មាន​ឳ​ពុក​ជា​ជនជាតិ Jamaica ហើយ​ម្តាយ​លោកស្រី​មកពី​ប្រទេស​ឥណ្ឌា ហើយ​ទាំងពីរ​នាក់​នេះ ជា​ជនអន្តោប្រវេសន៍​មករ​ស់​នៅក្នុង​សហរដ្ឋអាមេរិក។ លោកស្រី Kamala Harris ជា​ស្ត្រី​ស្បែក​ខ្មៅ​ទីមួយ និង​ជា​ជនជាតិ​អាមេរិកាំង​មាន​ដើមកំណើត​អាស៊ី​ខាងត្បូង​ទីមួយ ដែល​ក្លាយជា​បេក្ខជន​អនុ​ប្រធានាធិបតី​អាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រវត្តិ​ការងារ​របស់លោក​ស្រី Kamala Harris អាយុ ៥៥ ឆ្នាំមាន​ដូចជា ជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ស្បែក​ខ្មៅ​ទីមួយ​នៃ​រដ្ឋ California និង​ជា​ស្ត្រី​ដំបូង​គេ ដែល​បាន​កាន់តំណែង​នេះ។ កាលពី​ឆ្នាំ២០១៦ លោកស្រី បាន​ជាប់ឆ្នោត​ជា​សមាជិកា​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក តំណាង​រដ្ឋ California ហើយ​លោកស្រី​ក៏​ក្លាយជា​ស្ត្រី​ទីមួយ​មានពូជ​ពង្ស​អាស៊ី​ខាងត្បូង​ដែល​បានទទួល​តំណែង​នេះ។

លោកស្រី Kamala Harris ចង់​ឲ្យ​លោក Biden ដែលជា​អ្នកប្រជាធិបតេយ្យ​ជាប់ឆ្នោត ជា​ប្រធានាធិបតី ដើម្បី​កុំឱ្យ​លោក Trump ជាប់ឆ្នោត​មួយ​អាណត្តិ​ទៀត ហើយ​ធ្វើឱ្យ​សមាជិក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​កាន់កាប់​តំណែង​កំពូល​នៅក្នុង​សេត​វិមាន​វិញ។ យុទ្ធនាការ​របស់លោក​ស្រី បានចាប់ផ្តើម​ដោយមាន​ភាពខ្លាំង​ក្លា ដែលមាន​មនុស្ស ២ ម៉ឺន​នាក់​ចូលរួម​ក្នុងការ​ជួបជុំ​របស់លោក​ស្រី​នៅក្នុង​ក្រុង Oakland រដ្ឋ​California។ កាលពីដើម​ខែកក្កដា ឆ្នាំ២០១៩ លោកស្រី នៅ​ពីក្រោយ​តែ​លោក Biden នៅក្នុង​ការស្ទង់មតិ​សាធារណៈ បន្ទាប់ពី​លោកស្រី បានទទួល​ការសរសើរ​នៅក្នុង​ការជជែក​ដេញដោល​គ្នា​មួយ ជាមួយ​បេក្ខជន​ច្រើន​នាក់​ខាង​គណបក្ស​ប្រជាធិបតេយ្យ។

ក៏ប៉ុន្តែ​នៅ​ច្រើន​ខែ​បន្ទាប់មក តួលេខ​នៃ​ការគាំទ្រ​លោកស្រី​ក្នុង​ការស្ទង់មតិ បាន​ចុះថយ​ជា​លំដាប់ ហើយ​កាលពីដើម​ខែធ្នូ លោកស្រី បានប្រកាស​ដកខ្លួន​ចេញពី​ការប្រកួតប្រជែង​នេះ ដោយនិយាយ​យោង​ដល់​ការពិបាក​រៃអង្គាសប្រាក់ សម្រាប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់លោក​ស្រី។

កាលពី​ខែមីនា ក្រោយពេល​លោក Biden មានការ​គាំទ្រ​ច្រើនជាង សមាជិក​ព្រឹទ្ធសភា​ស.រ.អ. លោក Bernie Sanders ហើយ​លោក បានឈ្នះ​នៅក្នុង​ការបោះឆ្នោត​បឋម​ក្នុង​រដ្ឋ​មួយចំនួន​មក លោកស្រី Harris បានផ្តល់​ការគាំទ្រ​របស់លោក​ស្រី​ដល់​លោក Biden នៅក្នុង​ការប្រកួតប្រជែង​ដើម្បី​ទទួល​ការតែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ ដោយ​លោកស្រី​បាន​មានប្រសាសន៍ថា “ខ្ញុំ​ជឿ ទុកចិត្ត Joe” ។

លោកស្រី Harris បាន​និយាយថា “អ្វីមួយ​ក្នុង​បណ្តាអ្វីៗដែល​យើង​ត្រូវការ​នៅពេលនេះ​គឺ​យើង​ត្រូវការ​មេដឹកនាំ​ម្នាក់​ដែល​គិតគូរ​ដល់​ប្រជារាស្ត្រ​និង​ដែល​អាច​បង្រួបបង្រួម​ប្រជារាស្ត្រ​បាន។ហើយ​ខ្ញុំ​មានជំនឿថា Joe អាចធ្វើ​ការ​នេះ​បាន។

នៅ​ក្នុងការ​ប្រកាសថា​លោកស្រី Harris ជា​ជម្រើស​របស់លោក ក្នុងការ​ចូលរួម​ជាមួយ​លោក​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ខែវិច្ឆិកា លោក Biden បាន​ព៌​ណ​នា​លោកស្រី​កាលពី​ថ្ងៃ​អង្គារ​ទី១១សីហា ឆ្នាំ​ថា​ជា “អ្នក​ប្រយុទ្ធ​ម្នាក់​គ្មាន​ការភ័យខ្លាច​សម្រាប់​មនុ​ស្ស​តូចតាច​ហើយ​ជា​អ្នករដ្ឋការ​ម្នាក់​ក្នុង​បណ្តា​ពួក​អ្នករដ្ឋការ​ល្អប្រសើរ​បំផុត​របស់​ប្រទេស។

លោកស្រី Harris បានទទួល​បរិញ្ញាបត្រ​ពី​សាកលវិទ្យាល័យ Howard ក្នុង​រដ្ឋធានី Washington D.C. ដែលជា​សាកលវិទ្យាល័យ​ជន​ស្បែក​ខ្មៅ​ជា​ប្រពៃណី។ បន្ទាប់មក​លោកស្រី បានទទួល​បរិញ្ញាបត្រ​ខាងច្បាប់​ពី​សាកលវិទ្យាល័យ​រដ្ឋ California ក្នុង​ក្រុង Hastings នៅ​មុនពេល​លោកស្រី ទៅធ្វើ​ការ​នៅឯ​ការិយាល័យ​មេធាវី​ក្នុងស្រុក Alameda។

លោកស្រី Harris បាន​បម្រើការ​ពីរ​អាណត្តិ​ជា​មេធាវី​ស្រុក​នៃ​ក្រុង San Francisco នៅ​មុនពេល​លោកស្រី ជាប់ឆ្នោត​ជា​រដ្ឋមន្ត្រី​យុត្តិធម៌​នៃ​រដ្ឋ California។

ប្រវត្តិ​ការងារ​ទាំងនេះ​របស់លោក​ស្រី Harris នៅក្នុង​រដ្ឋ California ជាទី​ដៅ​នៃ​ការត្រួតពិនិត្យ​ដោយ​មានការ​រិះគន់ថា លោកស្រី​មិនបាន​ធ្វើការ​កែទម្រង់​ខាង​ព្រហ្មទណ្ឌ ហើយ​មិនបាន​ចាត់វិធានការ​ឱ្យបាន​គ្រប់គ្រាន់ ដើម្បី​ស៊ើបអង្កេត​អំពី​ការបាញ់​ដោយ​ពួក​ប៉ូលិស។

ដោយសារ​បញ្ហា​ទាំងនោះ​មាន​សារៈសំខាន់​នៅក្នុង​សហរដ្ឋអាមេរិក ដោយ​ក្រុមបាតុករ​បានធ្វើ​បាតុកម្ម​ច្រើន​ខែ​មក ហើយ​ប្រឆាំងនឹង​អំពើហិង្សា​ដោយ​ពួក​ប៉ូលិស និង​វិសមភាព លោកស្រី Harris ឋិត​នៅក្នុង​ចំណោម​ពួក​សមាជិកសភា​សហរ​ដ្ឋ​អាមេរិក ដែល​ជំរុញឱ្យមាន​សេចក្តីព្រាងច្បាប់​សម្រាប់ធ្វើ​កំណែទម្រង់​ប៉ូលិស​នៅ​ទូទាំង​សហរដ្ឋអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here