ដោយ: គង់ លាងហួរ
បាងកក: រដ្ឋាភិបាលថៃគ្រោងទាក់ទាញ ការវិនិយោគពិតប្រាកដចំនួន៥០០ពាន់លានបាត (ប្រហែល១៣,៧៦ពាន់លានដុល្លារ) ចូលទៅកាន់តំបន់ច្រករបៀងសេដ្ឋកិច្ច ភាគខាងកើត (EEC) ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។
ថ្លែងបន្ទាប់ពីកិច្ចប្រជុំលើកដំបូង នៃគណៈកម្មាធិការគោលនយោបាយEEC ក្រោមរដ្ឋាភិបាលថ្មី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Phumtham Wechayachai បានលើកឡើងថា រដ្ឋបាលចង់ដោះស្រាយជាបន្ទាន់ នូវឧបសគ្គដែលមានរយៈពេលយូរ ក្នុងរយៈពេល៩៩ថ្ងៃ ដើម្បីទាក់ទាញការវិនិយោគសកល លើឧស្សាហកម្មផ្សេងៗចូលមកក្នុងតំបន់ EEC ។
វិស័យដែលផ្តោតសំខាន់រួមមាន សេវាវេជ្ជសាស្រ្ត ឌីជីថល យានយន្តអគ្គិសនី ជីវបច្ចេកវិទ្យា សេដ្ឋកិច្ចវិលជុំ និងសេដ្ឋកិច្ចបៃតង។
លោក Phumtham បានបន្តថា កិច្ចខិតខំប្រឹងប្រែងទាំងនេះ គឺស្របតាមគោលនយោបាយស្នូល របស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយចីរភាព និងលើកកម្ពស់ការប្រកួតប្រជែងអន្តរជាតិរបស់ប្រទេសថៃ។
លោកអះអាងថា “គណៈកម្មាធិការបានណែនាំដល់ការិយាល័យ EEC ឱ្យបង្កើតផែនការដើម្បីពន្លឿន កិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយបញ្ហា ដែលមិនទាន់សម្រេចបាន ធ្វើឡើងពីរដ្ឋាភិបាលមុន ដូចជាការចរចាឡើងវិញ នូវកិច្ចសន្យាទាក់ទង នឹងគម្រោងរថភ្លើងល្បឿនលឿនតភ្ជាប់ អាកាសយានដ្ឋានចំនួន៣គឺ សុវណ្ណភូមិ ដុនមឿង និងអ៊ូតាប៉ាវ ខណៈគោលដៅគឺដើម្បីធានាថា គម្រោងទាំងនេះអាចដំណើរការទៅមុខបាន”។
គម្រោងរថភ្លើងល្បឿនលឿន តភ្ជាប់អាកាសយានដ្ឋានទាំង៣ ដែលមានតម្លៃ២៨២ពាន់លានបាត គឺជាកិច្ចខិតខំប្រឹងប្រែងផ្នែកហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ នៅក្នុងតំបន់ច្រករបៀង EEC ។
រដ្ឋាភិបាលថៃមានគោលបំណង សម្រេចបញ្ចប់បានកិច្ចសន្យាឡើងវិញ សម្រាប់ការសាងសង់ផ្លូវដែក ប្រវែង២២០គីឡូម៉ែត្រនេះនៅខែមករា ឆ្នាំ២០២៤។
លោក Chula Sukmanop អគ្គលេខាធិការនៃការិយាល័យច្រករបៀង EEC បានមានប្រសាសន៍ថា ការិយាល័យរបស់លោកកំពុងរៀបចំសម្រាប់កម្មវិធី Roadshow នៅសហរដ្ឋអាមេរិក នៅខែក្រោយនេះ ដើម្បីលើកទឹកចិត្តការវិនិយោគមកកាន់ប្រទេសថៃ។
លោក Chula បានបញ្ជាក់ថា ដើម្បីទាក់ទាញការវិនិយោគពីបរទេស EEC ផ្តល់នូវកញ្ចប់លើកទឹកចិត្ត ដែលរួមមានការលើកលែងពន្ធ លើប្រាក់ចំណូលសាជីវកម្មចំនួន១៥ឆ្នាំ ការលើកលែងពន្ធគយសម្រាប់វត្ថុធាតុដើម និងគ្រឿងចក្រដែលនាំចូល ផ្តល់ទិដ្ឋាការការងារសម្រាប់បុគ្គលិកបរទេស អត្រាពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួន១៧% និងផ្តល់លទ្ធភាពទិញខុនដូ និងកាន់កាប់ដី នៅក្នុងតំបន់ឧស្សាហកម្ម ឬជួលរយៈពេល៥០ឆ្នាំ និងអាចបន្តឡើងវិញបានរយៈពេល៤៩ឆ្នាំបន្ថែមទៀត៕