រដ្ឋាភិបាលកូរ៉េគ្រោងនឹងផ្គត់ផ្គង់ផ្ទះសាធារណៈចំនួន១២មុឺនយូនីតបន្ថែមទៀតនៅឆ្នាំ២០២៧

ដោយ: គង់ លាងហួរ

អន្តរជាតិ: រដ្ឋាភិបាលកូរ៉េគ្រោងផ្គត់ផ្គង់ផ្ទះសាធារណៈចំនួន១២មុឺនយូនីត បន្ថែមលើផែនការដែលមានស្រាប់ ក្នុងការផ្គត់ផ្គង់ផ្ទះថ្មីចំនួន២,៧លានយូនីតនៅឆ្នាំ២០២៧ ដើម្បីប៉ះប៉ូវការធ្លាក់ចុះនៃការផ្គត់ផ្គង់ផ្ទះពីវិស័យឯកជន ស្របពេលអត្រាការប្រាក់កើនឡើង។

កាលពីខែសីហាឆ្នាំមុន រដ្ឋាភិបាលកូរ៉េបានប្រកាសផែនការផ្គត់ផ្គង់ផ្ទះសាធារណៈសម្រាប់រយៈពេលពីឆ្នាំ២០២៣ដល់ឆ្នាំ២០២៧ ដោយបន្ធូរបន្ថយបទប្បញ្ញត្តិសម្រាប់ការអភិវឌ្ឍ និងការសាងសង់ឡើងវិញ និងអនុញ្ញាតឱ្យវិស័យឯកជនអាចចូលរួមក្នុងគម្រោងអភិវឌ្ឍន៍ទីប្រជុំជននានា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាម​ក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ និង​ដឹកជញ្ជូនបានឱ្យដឹងថា“ផែនការផ្តល់ផ្ទះ២,៧លានយូនីតនេះត្រូវបានគេរំពឹងថា នឹងអាចជួយបន្ធូរបន្ថយការខ្វះខាតផ្ទះក្នុងរយៈពេលវែង។ ប៉ុន្តែលក្ខខណ្ឌទីផ្សារសម្រាប់ផ្ទះថ្មី ក្នុងវិស័យឯកជន បានចាប់ផ្តើមវិវឌ្ឍន៍កាន់តែយ៉ាប់យ៉ឺននៅក្នុងឆមាសទីពីរ ឆ្នាំ២០២២”។

ក្រសួងបានអះអាងថា ដើម្បីប៉ះប៉ូវការខ្វះខាតផ្ទះនៅក្នុងវិស័យឯកជន រដ្ឋាភិបាលនឹងផ្គត់ផ្គង់ផ្ទះសាធារណៈចំនួន១២មុឺនយូនីត ដែលក្នុងនោះ៣មុឺនយូនីតនៅតាមទីក្រុងលំនៅដ្ឋានធំៗនៅជិតទីក្រុងសេអ៊ូល និង៨៥.០០០យូនីតនៅក្នុងតំបន់អភិវឌ្ឍន៍ថ្មីៗ។

មន្ត្រីមួយរូបរបស់ក្រសួងខាងលើបានបញ្ជាក់តាមទូរស័ព្ទថា “ផ្ទះចំនួន៣មុឺនយូនីត អាចនឹងត្រូវបានប្រគល់ឱ្យឆាប់ៗនៅឆ្នាំក្រោយ អាស្រ័យលើការអនុញ្ញាតសាងសង់ ហើយចំនួនផ្ទះនៅសេសសល់ត្រូវបានគេរំពឹងថានឹងផ្គត់ផ្គង់នៅឆ្នាំ២០២៧”។

នៅក្រោមគម្រោងផ្តល់ផ្ទះចំនួន២,៧លានយូនីតនេះ រដ្ឋាភិបាលកូរ៉េគ្រោងបែងចែកផ្ទះចំនួន១,៥៨លានយូនីតនៅក្នុងទីក្រុងសេអ៊ូល និងតំបន់ទីប្រជុំជន ចំណែក១,១២លានយូនីតទៀត នឹងត្រូវផ្គត់ផ្គង់នៅក្នុងខេត្តផ្សេងៗចាប់ពីឆ្នាំ២០២៣ដល់ឆ្នាំ២០២៧ ដើម្បីរក្សាស្ថិរភាពទីផ្សារអចលនទ្រព្យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here