ការវិនិយោគ​ឆ្លងដែន​លើ​ទីផ្សារអចលនទ្រព្យ​ពាណិជ្ជកម្ម​នៅ​ទូទាំង​ពិភពលោក​ហក់​ឡើង​ដល់​៧២​ពាន់​លាន​ដុល្លារ​

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមការសិក្សារបស់ក្រុមហ៊ុនអចលនទ្រព្យ JLL ការវិនិយោគឆ្លងដែនលើទីផ្សារអចលនទ្រព្យពាណិជ្ជកម្មនៅទូទាំងពិភពលោកបានហក់ឡើង ៥៦% ដល់ចំនួន ៧១,៨ ពាន់លានដុល្លារនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ។

កំណើនយ៉ាងគំហុកនេះត្រូវបានជំរុញដោយសារការកើនឡើងនៃកិច្ចព្រមព្រៀងនានានៅតំបន់អាស៊ី និងអឺរ៉ុប រួមទាំងការវិនិយោគលើការិយាល័យលំដាប់ខ្ពស់ផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ការចំណាយខ្ពស់លើការខ្ចីប្រាក់អាចនឹងធ្វើឱ្យសកម្មភាពវិនិយោគមានកម្រិតនៅឆមាសទី២ ឆ្នាំនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កំណើនយ៉ាងគំហុកនៃការវិនិយោគឆ្លងដែន បានវ៉ាដាច់កំណើនដ៏យឺតនៃប្រតិបត្តិការអចលនទ្រព្យសរុបក្នុងអំឡុងពេលដូចគ្នានេះ ដែលបានកើនឡើងត្រឹមតែ ១០% ប៉ុណ្ណោះធៀបនឹងឆ្នាំមុន ដល់ចំនួន ៦០៤,៦ ពាន់លានដុល្លារ។ នេះបើយោងតាមទិន្នន័យដាច់ដោយឡែកមួយរបស់ក្រុមហ៊ុន MSCI។

យោងតាមទិន្នន័យរបស់ក្រុមហ៊ុន JLL ការវិនិយោគអន្តរជាតិលើវិស័យអចលនទ្រព្យនៅតំបន់អាស៊ីបានកើនឡើងដល់ទៅ ៤ ដង ដល់ចំនួន១៩,៣ ពាន់លានដុល្លារ ហើយនៅអឺរ៉ុបបានកើនឡើង ៣១% ដល់ចំនួន៣៩,៩ពាន់លានដុល្លារ។

លោក Fraser Bowen នាយកផ្នែកទីផ្សារមូលធនរបស់ក្រុមហ៊ុន JLL បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា៖ «ទីផ្សារការិយាល័យបានងើបឡើងវិញ» ដោយលោកបានបន្ថែមថា វិនិយោគិនអន្តរជាតិមានសកម្មភាពខ្លាំងជាពិសេសនៅក្នុងទីក្រុងធំៗរបស់អឺរ៉ុប រួមមានទីក្រុងឡុងដ៍ និងទីក្រុង Milan។

ប្រទេសសិង្ហបុរីបានជាប់ចំណាត់ថ្នាក់លេខមួយនៅលើពិភពលោក ជាមួយនឹងទំហំទឹកប្រាក់វិនិយោគឆ្លងព្រំដែនចំនួន ៨,៧ ពាន់លានដុល្លារ។

លោក Bowen បានអះអាងថា ទីផ្សារដែលងាយរងផលប៉ះពាល់ដោយអត្រាការប្រាក់ ទំនងជានឹងទទួលរងសម្ពាធពីការកើនឡើងយ៉ាងគំហុកនៃថ្លៃដើមនៃការខ្ចីប្រាក់នៅក្នុងឆមាសទីពីរនៃឆ្នាំនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here