លោក ចូ បៃដិន គ្រោងបង្កើតជំនួបទល់មុខគ្នាជាមួយលោក សុី ជីនពីង នៅខែវិច្ឆិកាខាងមុខ ខណៈប្រទេសទាំង២ព្យាយាមស្តារទំនាក់ទំនងឡើងវិញ

ដោយ: គង់ លាងហួរ

វ៉ាស៊ីនតោនៈ សេតវិមានកំពុងរៀបចំផែនការសម្រាប់ជំនួបទល់មុខគ្នារវាងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងប្រធានាធិបតីចិនលោក សុី ជីនពីង នៅទីក្រុង San Francisco នៅខែក្រោយ ខណៈប្រទេសទាំង២ព្យាយាមស្តារស្ថិរភាពទំនាក់ទំនងដែលមានបញ្ហាឡើងវិញ។ នេះបើតាមការចុះផ្សាយរបស់កាសែត Washington Post។

ទំនាក់ទំនងរវាងមហាអំណាចទាំង២មានភាពតានតឹង ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារបញ្ហាមួយចំនួន ដូចជាកោះតៃវ៉ាន់ ប្រភពដើមកំណើតនៃជំងឺកូវីដ-១៩ ការចោទប្រកាន់គ្នាពីបទចារកម្ម បញ្ហាសិទ្ធិមនុស្ស និងពន្ធពាណិជ្ជកម្ម ក្នុងចំណោមបញ្ហាផ្សេងៗទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំកម្រិតខ្ពស់ជាច្រើនរវាងប្រទេសទាំងពីរបានរៀបចំឡើង ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដូចជាដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អាមេរិកទៅកាន់ប្រទេសចិនដូចជារដ្ឋមន្ត្រីការបរទេសលោក Antony Blinken ក្នុងខែមិថុនា រដ្ឋមន្ត្រីរតនាគារលោកស្រី Janet Yellen ក្នុងខែកក្កដា និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោកស្រី Gina Raimondo ក្នុងខែសីហា។

ថ្មីៗនេះ លោក Blinken ក៏បានជួបជាមួយអនុប្រធានាធិបតីចិនលោក Han Zheng នៅទីក្រុងញូវយ៉កផងដែរ ហើយទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan បានជួបរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ក្នុងប្រទេសម៉ាល់តា។

ទាក់ទិននឹងរឿងនេះ ស្ថានទូតចិនប្រចាំនៅទីក្រុងវ៉ាស៊ីនតោន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើរបាយការណ៍របស់កាសែត Washington Post នោះទេ ហើយខាងសេតវិមានក៏មិនមានការអត្ថាធិប្បាយភ្លាមៗដែរ។

ជំនួបចុងក្រោយបង្អស់រវាងលោក ចូ បៃដិន និងលោក សុី ជីនពីង បានធ្វើឡើងនៅក្រៅកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌូនេស៊ី ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ដែលនោះជាជំនួបផ្ទាល់ជាលើកដំបូងរបស់ថ្នាក់ដឹកនាំទាំង២ ចាប់តាំងពីលោក បៃដិន ក្លាយជាប្រធានាធិបតី។

មន្ត្រីជាន់ខ្ពស់អាមេរិកមួយចំនួន ដូចជាលោកស្រី Raimondo និងលោកស្រី Yellen ថ្មីៗនេះ បានអះអាងថា សហរដ្ឋអាមេរិកមិនចង់ផ្តាច់ទំនាក់ទំនងចេញពីប្រទេសចិននោះទេ ប៉ុន្តែទីក្រុងប៉េកាំងបានសម្តែងការព្រួយបារម្ភចំពោះការយល់ព្រមរបស់សហរដ្ឋអាមេរិកលើការលក់អាវុធ និងការផ្តល់ហិរញ្ញប្បទានយោធាដល់កោះតៃវ៉ាន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here