ប្រទេសចិនចោទប្រកាន់បុគ្គលិករដ្ឋាភិបាលម្នាក់ទៀតពីបទធ្វើ ចារកម្មឱ្យសហរដ្ឋអាមេរិក

ដោយ: គង់ លាងហួរ

ប៉េកាំង: កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ប្រទេសចិនបានចោទប្រកាន់បុគ្គលិករដ្ឋាភិបាលម្នាក់ ពីបទធ្វើចារកម្មសម្រាប់សហរដ្ឋអាមេរិក ដែលនេះជាឧប្បត្តិហេតុចារកម្មលើកទី២ហើយ ដែលទីក្រុងប៉េកាំងបានប្រកាសក្នុងរយៈពេលមួយខែ។

ទីក្រុងប៉េកាំងបានអនុវត្តន៍ច្បាប់ប្រឆាំងចារកម្ម ដែលបានកែប្រែកាលពីខែមុន ដែលផ្តល់ឱ្យអាជ្ញាធរមានអំណាចច្រើន​ជាងពេលណា​ៗទាំងអស់ ក្នុងការដាក់ទណ្ឌកម្មលើអ្វី ដែលពួកគេចាត់ទុកថាជាការគំរាមកំហែងដល់សន្តិសុខជាតិចិន។

ក្រសួងសន្តិសុខរដ្ឋ (MSS) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ករណីដែលបានប្រកាសកាលពីថ្ងៃចន្ទ នៅតែស្ថិតក្រោមការស៊ើបអង្កេត ពាក់ព័ន្ធនឹងបុរសវ័យ៣៩ឆ្នាំម្នាក់ឈ្មោះ Hao ដែលធ្វើការឱ្យក្រសួង ប៉ុន្តែមិនបានបញ្ជាក់ថាក្រសួងណានោះទេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួងសន្តិសុខរដ្ឋបានបន្តថា លោក Hao បាននិងកំពុង​សិក្សា​នៅ​ប្រទេស​ជប៉ុន​ ពេល​ដែល​គាត់​បាន​ស្គាល់​បុគ្គលិក ​ស្ថានទូត​អាមេរិក​ម្នាក់ ក្នុង​ពេល​ដាក់ពាក្យសុំ​ទិដ្ឋាការ និងបានបង្កើតទំនាក់ទំនង​ជិតស្និទ្ធជាមួយ​គ្នាផងដែរ។

ក្រសួងអះអាងថា បុរសនោះបានណែនាំលោក Hao ដល់សហសេវិកម្នាក់ទៀត ដែលជាប្រតិបត្តិករនៃទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាល (CIA) ដែលបានបញ្ចុះបញ្ចូលលោកHao ឱ្យចាប់ផ្តើមធ្វើចារកម្មឱ្យទីភ្នាក់ងារអាមេរិក ខណៈដែលគាត់ហៀបនឹងត្រឡប់ទៅប្រទេសចិនវិញ។

លោក Hao បានចុះហត្ថលេខាលើកិច្ចសន្យាមួយ និងទទួលបានការបណ្តុះបណ្តាលពីសហរដ្ឋអាមេរិក មុនពេលទទួលបានការ​ងារមួយនៅក្នុងរដ្ឋាភិបាលចិន។ នេះបើយោងតាម ​​MSS។

ក្រសួងបានបន្ថែមថា លោកបានធ្វើទំនាក់ទំនងសម្ងាត់ជាច្រើនជាមួយបុគ្គលិក CIA នៅក្នុងប្រទេស ដើម្បីផ្តល់ព័ត៌មានសម្ងាត់ និងប្រមូលមូលនិធិចារកម្មនៅពេលធ្វើការនៅទីនោះ ។

កាលពីដើមខែសីហា MSS បានចេញផ្សាយព័ត៌មានលម្អិតនៃអ្វីដែលខ្លួនបានអះអាងថា ជាករណីចារកម្មCIA ពាក់ព័ន្ធនឹងបុរសអាយុ៥២ឆ្នាំម្នាក់ឈ្មោះ Zeng ដែលបានផ្តល់ព័ត៌មានសម្ងាត់ស្នូល ដើម្បីជាថ្នូរនឹងទឹកប្រាក់។

លោក Zeng ត្រូវបានបញ្ជូនទៅប្រទេសអ៊ីតាលី ដើម្បីសិក្សា ជាកន្លែងដែលគាត់ បានរាប់អានជាមិត្តនឹងភ្នាក់ងារ CIA ដែលឈរជើងនៅស្ថានទូតអាមេរិកនៅទីក្រុងរ៉ូម។

MSS បានបញ្ជាក់ទៀតថា ភ្នាក់ងារនោះបានបញ្ចុះបញ្ចូលលោក Zeng ឱ្យផ្តល់ ព័ត៌មានរសើបអំពីយោធាចិន ជាថ្នូរនឹងសំណងដ៏ច្រើន និងជំនួយសម្រាប់លោក ព្រមទាំងក្រុមគ្រួសាររបស់គាត់ឱ្យផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិក។

ការកែប្រែច្បាប់ប្រឆាំងចារកម្ម របស់ទីក្រុងប៉េកាំងនាពេលថ្មីៗនេះ បានបំភ័យក្រុមហ៊ុនអាជីវកម្មអាមេរិកជាច្រើន ដែលមានប្រតិបត្តិការនៅក្នុងប្រទេសចិន ខណៈទំនាក់ទំនងរវាងប្រទេសមហាអំណាចទាំង២កាន់តែតានតឹង៕

LEAVE A REPLY

Please enter your comment!
Please enter your name here