ដោយ: គង់ លាងហួរ
ភ្នំពេញ: ធនាគារជាតិនៃកម្ពុជាបានឱ្យដឹង ក្នុងសេចក្តីថ្លែងការណ៍មួយថា កម្ពុជា និងឡាវ បានចាប់ផ្តើមដំណាក់កាលដំបូង នៃការបង់ប្រាក់ QR កូដឆ្លងព្រំដែនរវាងប្រទេសជិតខាងទាំងពីរ។
ដំណើរការនេះ បានចាប់ផ្តើមកាលពីថ្ងៃសុក្រសប្តាហ៍មុន ដែលនឹងអនុញ្ញាតឱ្យអ្នកដំណើរកម្ពុជា ទៅទិញទំនិញនៅប្រទេសឡាវដោយប្រើរូបិយប័ណ្ណ ក្នុងស្រុករបស់ពួកគេ ជាប្រាក់រៀល។
លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិ និងលោកស្រី Bounleua Sinxayvoravong ទេសាភិបាលធនាគារកណ្តាលឡាវ បានរួមគ្នាជាអធិបតី ក្នុងពិធីសម្ពោធដែលធ្វើឡើង នៅទីក្រុងវៀងច័ន្ទ រដ្ឋធានីនៃប្រទេសឡាវ។
ដំណាក់កាលដំបូងនៃគម្រោងនេះ អនុញ្ញាតឱ្យប្រជាជនកម្ពុជា ដែលមានគណនីធនាគារ ជារូបិយប័ណ្ណលុយរៀលក្នុងស្រុក អាចប្រើប្រាស់កម្មវិធីធនាគារតាមទូរស័ព្ទ ដើម្បីធ្វើការទូទាត់តាមរយៈការស្កែន LAO QR Code ជាមួយអាជីវករ ឬហាងនានាក្នុងប្រទេសឡាវ។
គម្រោងនេះនឹងលើកកម្ពស់ ការប្រើប្រាស់រូបិយប័ណ្ណជាតិ ជំរុញកំណើនសេដ្ឋកិច្ច ទេសចរណ៍ និងពាណិជ្ជកម្មឆ្លងដែនរវាងកម្ពុជា និងឡាវ។
យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា នៅក្នុងដំណាក់កាលទីពីរនៃគម្រោងនេះ ប្រជាជនឡាវដែលមានគណនីធនាគារជារូបិយប័ណ្ណក្នុងស្រុករបស់ពួកគេ នឹងអាចទូទាត់ថ្លៃទំនិញ ឬសេវាកម្មតាមរយៈកម្មវិធីធនាគារចល័ត ដោយការស្កេនកូដ KHQR ជាមួយអាជីវករ ឬហាងនានាក្នុងប្រទេសកម្ពុជា។
ក្រៅពីប្រទេសឡាវ កម្ពុជាក៏មានកិច្ចសហប្រតិបត្តិការទូទាត់កូដ QR ឆ្លងដែនជាមួយប្រទេសជិតខាងរបស់ខ្លួន គឺប្រទេសថៃផងដែរ៕