ដោយៈ ម៉ាណា
ភ្នំពេញៈ គណៈប្រតិភូធុរជនចិនទៀជីវពិភពលោក ប្រមាណ៤០០រូបដើរតួនាទីជាទូតសុច្ឆន្ទៈ ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ កាលានុវត្តភាពវិនិយោគនៅកម្ពុជា និងគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ប្រជាពលរដ្ឋចិន ឆ្នាំ២០២៦ ទៅកាន់សហគមន៍ធុរកិច្ច និងវិនិយោគិនអន្តរជាតិ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកហួត ហាក់ បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាក្នុង “កិច្ចប្រជុំទូលាយប្រធានសមាគមនៃមហាសន្និបាតធុរជនចិនទៀជីវពិភពលោក លើកទី១១” ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំ កម្ពុជា លោក អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំ មហាសន្និបាតធុរជនចិនទៀជីវពិភពលោក លើកទី១១ ព្រមទាំងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ គណៈប្រតិភូធុរជនចិនទៀជីវ វិនិយោគិន និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិប្រមាណ៤០០នាក់ មកពីបណ្តាប្រទេសនានាជុំវិញពិភពលោក។
ក្នុងឱកាសនេះដែរ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា មហាសន្និបាតធុរជនចិនទៀជីវពិភពលោក លើកទី១១ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៦ គឺជាព្រឹត្តិការណ៍អន្តរជាតិ ដ៏មានសារៈសំខាន់ និងជាលើកទី១ ក្នុងប្រវត្តិសាស្ត្រដែលមហាសន្និបាតនេះ ត្រូវបានរៀបចំឡើងនៅក្រៅប្រទេសចិន។ ព្រឹត្តិការណ៍នេះនឹងក្លាយជាឱកាស ដ៏មានតម្លៃសម្រាប់កម្ពុជា ក្នុងការបង្ហាញពីសក្តានុពលសេដ្ឋកិច្ច បរិយាកាសវិនិយោគ និងភាពទាក់ទាញនៃវិស័យទេសចរណ៍កម្ពុជា ទៅកាន់ឆាកអន្តរជាតិ ព្រមទាំងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិនឱ្យកាន់តែរឹងមាំ។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជា នៅតែរក្សាបាននូវស្ថិរភាពនយោបាយ សន្តិសុខ និងសេដ្ឋកិច្ច ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ និងការទាក់ទាញវិនិយោគិនបរទេស។ សរុបជារួម កម្ពុជា គឺជាគោលដៅទេសចរណ៍ប្រកបដោយសុខសុវត្ថិភាព មិត្តភាព និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ដែលត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរ និងវិនិយោគិនពីជុំវិញពិភពលោក។
ប្រជាពលរដ្ឋចិនអាចចូលមកកម្ពុជា ដោយមិនចាំបាច់ស្នើសុំទិដ្ឋាការ ក្នុងអំឡុងពេលសាកល្បងចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដោយអាចស្នាក់នៅរយៈពេល ១៤ថ្ងៃ និងអាចចូលចេញបានច្រើនដង។
យោងតាមស្ថិតិទេសចរណ៍ ឆ្នាំ២០២៥ កម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ៦,៧លាននាក់ ដែលក្នុងនោះមានភ្ញៀវទេសចរចិន១,២លាននាក់ កើនឡើងប្រមាណ៤២ភាគរយ។ ដោយឡែក ក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ២០២៦ ភ្ញៀវទេសចរចិនបានឈរនៅលំដាប់ទី១ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិ ដែលធ្វើដំណើរមកកម្ពុជា ដែលឆ្លុះបញ្ចាំងពីសក្តានុពលខ្ពស់ នៃទីផ្សារទេសចរចិនសម្រាប់វិស័យទេសចរណ៍កម្ពុជា៕








