ប្រទេសអូម៉ង់បង្ហាញផែនការមហិច្ឆតា ក្នុងការបង្កើតទីក្រុងឆ្លាតវៃថ្មីមួយ មានទំហំស្មើទីក្រុង Beverly Hills របស់អាមេរិក

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រទេសអូម៉ង់បានបង្ហាញផែនការប្រកបដោយមហិច្ឆតា ក្នុងការបង្កើតទីក្រុងឆ្លាតវៃថ្មីមួយ សម្រាប់មនុស្សចំនួន១០០.០០០នាក់ នៅខាងក្រៅរដ្ឋធានី Muscat របស់ខ្លួន។

ទីក្រុងឆ្លាតវៃនេះមានឈ្មោះថា Sultan Haitham និងមានផ្ទៃក្រឡា១៤,៨គីឡូម៉ែត្រការ៉េ ពោលគឺស្មើនឹងទីក្រុង Beverly Hills នៅសហរដ្ឋអាមេរិក ប៉ុន្តែមានអ្នករស់នៅច្រើនជាងទីក្រុង Beverly Hills ជិត៣ដង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមផែនការ ដែលត្រូវបានចែករំលែកទាំងស្រុងជាមួយកាសែត CNN ដោយក្រុមហ៊ុនស្ថាបត្យកម្មអាមេរិក Skidmore, Owings & Merrill (SOM) បានបង្ហាញថា ទីក្រុងនេះ រួមមានផ្ទះចំនួន២០.០០០ខ្នង ក៏ដូចជាសាកលវិទ្យាល័យ សាលារៀន កន្លែងសុខភាព និងវិហារអ៊ីស្លាម។

ទីក្រុងឆ្លាតវៃគ្រោងនឹងសាងសង់នៅលើទីតាំងដែលមិនទាន់បានអភិវឌ្ឍយ៉ាងទូលំទូលាយនៅខេត្ត Al-Seeb ដែលមានចម្ងាយជាច្រើនគីឡូម៉ែត្រភាគខាងលិចរដ្ឋធានី Muscat ។

ការងារសាងសង់គម្រោងនេះគ្រោងនឹងចាប់ផ្តើមនៅឆ្នាំក្រោយ ហើយនឹងត្រូវបញ្ចប់ជា៤ដំណាក់កាល។ ដំណាក់កាលទី១ ដែលដំណើរការរហូតដល់ឆ្នាំ២០៣០ គ្រោងនឹងអភិវឌ្ឍ The City Center ទំហំ៥គីឡូម៉ែត្រការ៉េ  និងតំបន់ជិតខាងចំនួន៦ ក្នុងចំណោមតំបន់ចំនួន១៩ដែលបានគ្រោងទុក។

ក្រុមហ៊ុនស្ថាបត្យកម្ម SOM បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានថា គម្រោងនេះនឹងផ្តល់នូវកន្លែងទីធ្លាសាធារណៈដ៏រស់រវើក លំនៅដ្ឋានដែលមានគុណភាពខ្ពស់ តម្លៃសមរម្យ និងចលភាពក្នុងទីក្រុងឆ្លាតវៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here